កម្ពុជាបង្ហាញមហិច្ឆតាតស៊ូមតិឱ្យ «គុនខ្មែរ» ដាក់បញ្ចូលក្នុងស៊ីហ្គេម ជាបន្តបន្ទាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភេទកីឡាប្រដាល់ «គុនខ្មែរ» «Kun Khmer» ដែលជាយុទ្ធគុនប្រពៃណីជាតិខ្មែរត្រូវបានដាក់បញ្ជូលជាប្រភេទកីឡាថ្មីមួយជាប្រវត្តិសាស្ត្រដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

គុនខ្មែរ ស្ថិតនៅក្នុងចង្កោមប្រភេទកីឡាយុទ្ធគុនចម្រុះ រួមមាន៖ គុនល្បុក្កតោ, Arnis (គុនដំបងរបស់ហ្វីលីពីន), ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម ខណៈគុនខ្មែរត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដាក់ជាគោលការណ៍នូវសន្ទស្សន៍មេដាយមាសចំនួន៣គ្រឿង។ កាលពីពេលថ្មីៗនេះ គុនខ្មែរត្រូវបានកំណត់នូវវិញ្ញាសាចំនួន១៩ ដើម្បីដាក់ចូលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះ ១៩ វិញ្ញាសានេះ គឺមានវិញ្ញាសាប្រយុទ្ធ១១ប្រភេទទម្ងន់បុរស និង៦ប្រភេទទម្ងន់នារី ខណៈ២វិញ្ញាសាទៀត គឺគុនគ្រូបុរស និងគុនគ្រូនារី។ ប្រជាពលរដ្ឋខ្មែរបានបង្ហាញការគាំទ្រយ៉ាងក្លៀវក្លា ចំពោះការដាក់បញ្ជូលប្រភេទកីឡា គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ។
នៅក្នុងសន្និសីទសារព័ត៌មានពីរលើកចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកបង្ហាញពីផែនការរៀបចំការហ្វឹកហាត់បំប៉នសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិគុនខ្មែរ ដើម្បីត្រៀមប្រកួតប្រជែងមេដាយមាសជូនជាតិឱ្យបានច្រើន ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ឯកឧត្ដមបានបញ្ជាក់ថា៖ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានត្រៀមកីឡាករ កីឡាការិនីគ្រប់ចំនួនលើវិញ្ញាសាទាំងអស់រួចរាល់អស់ហើយជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់ពួកគេ ក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ដើម្បីដណ្តើមបានកិត្យានុភាពជាតិ មេដាយជូនជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង ក្រោយរង់ចាំក្នុងរយៈពេលយ៉ាងយូររហូតដល់ ៦៤ឆ្នាំ»។
តាមរយៈកិច្ចប្រជុំពិសេសប្រតិភូកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នៅកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គុនខ្មែរត្រូវបានធ្វើឡើងក្រោមការគាំទ្រជាផ្លូវការពីសមាជិកកិច្ចប្រជុំចំនួន៨ប្រទេស ក្នុងតំបន់អាស៊ាន ដូចជា ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម រួមទាំងម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុន គុនខ្មែរ កម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជាបានប្រកាសជាផ្លូវការដល់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ថា កម្ពុជាបានសម្រេចដាក់បញ្ជូលប្រភេទកីឡាប្រពៃណី គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដោយមិនរៀបចំការប្រកួតកីឡា Muay នោះទេ។ កម្ពុជានឹងធ្វើលិខិតផ្លូវការអញ្ជើញដល់គណៈកម្មាធិការអូឡាំពិកជាតិនៃប្រទេសអាស៊ានទាំងអស់ស្តីពីប្រភេទកីឡាគុនខ្មែរ និងការកំណត់វិញ្ញាសានេះ។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «បន្ទាប់ពីប្រកាសដាក់បញ្ជូល គុនខ្មែរ ជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានបញ្ហាចម្រូងចម្រាស់បានកើតឡើងខ្លះៗ ប៉ុន្តែក្នុងនាមម្ចាស់ផ្ទះ យើងមិនខ្វល់ពីការលើកឡើងបែបណានោះទេ យើងជាម្ចាស់ផ្ទះ យើងធ្វើឡើងអាស្រ័យដោយទទួលបានការគាំទ្រ និងពេញចិត្តរបស់ប្រជាជនយើង គោរពទៅលើអត្តសញ្ញាណជាតិខ្មែរយើង ហើយយើងក៏មានប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរយើងក៏ច្រើនដែរ ដូច្នេះរឿងអី ដែលក្នុងនាមជាម្ចាស់ផ្ទះ យើងមិនដាក់ប្រភេទកីឡាអត្តសញ្ញាណជាតិយើង»។
បើតាមឯកឧត្ដម វ៉ាត់ ចំរើន ពេលនេះកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដែលជាមិត្តដ៏ល្អរបស់កម្ពុជា ដូចជាឡាវ មីយ៉ាន់ម៉ាក្នុងការចូលរួមលើប្រភេទកីឡា គុនខ្មែររបស់កម្ពុជា ដោយគាត់ក៏មានក្បាច់គុនស្រដៀង គុនខ្មែរយើងដែរ ប៉ុន្តែប្រទេសទាំងបានឯកភាព និងស្មោះស្ម័គ្រចូលរួមជាមួយកម្ពុជា ១០០ភាគរយ។ ចំណែកឯប្រទេសឥណ្ឌូណេស៊ី ក៏មានក្បាច់គុនប្រពៃណីរបស់ខ្លួន គឺបញ្ចសីលា ប៉ុន្តែយើងផ្លាស់ប្តូរជួយគ្នាទៅវិញទៅមក ដោយកម្ពុជាទៅរៀនក្បាច់គុនពីឥណ្ឌូណេស៊ី ហើយឥណ្ឌូណេស៊ីក៏រៀនពីក្បាច់គុនរបស់ខ្មែរយើង។
«ដោយឡែកប្រទេសថៃ យើងត្រូវដឹងថា ជាធម្មតា ក្នុងសង្គមតែងតែមានក្រុមស្រប និងក្រុមមិនស្រប ដោយក្រុមកីឡា Muay បុរាណ គឺស្របជាមួយយើង ហើយគាត់ចង់ចូលរួមប្រកួតស៊ីហ្គេម ២០២៣ ជាមួយកម្ពុជាយើង ដោយគាត់បានស្នើសុំឲ្យម្ចាស់ផ្ទះ ស៊ីហ្គេម កម្ពុជាជួយបញ្ចុះបញ្ជូលជាមួយរដ្ឋាភិបាលថៃ។ ពេលនេះ យើងក៏បានបានធ្វើនិធីស្នើនេះទៅកាន់ក្រុមគាត់ហើយ ដោយយើងរង់ចាំតែប៉ុណ្ណោះ»។ ឯកឧត្តមវ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះបន្ថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ សមាជិកាទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ ក្នុងពេលស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់ និងការគោរពជារួមនៅគ្រប់ប្រទេស ព្រមទាំងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិក្រោយៗទៀត។ ទន្ទឹមនេះ ដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរយើង និងជាវប្បធម៌ អរិយធម៌គុនខ្មែររបស់យើងដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា «គុនគ្រូ» ទាំងវិញ្ញាសាបុរស និងនារី។ ចំពោះគុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀមទម្លាប់ និងថែរក្សានូវអត្តសញ្ញាណយើង ដោយក្បាច់គុនយើងមានទាំងសិល្បៈ មានទាំងយុទ្ធគុន មានទាំងយុទ្ធសាស្រ្ត និងយុទ្ធវិធី ទាំងនេះគឺជាសិល្បៈកីឡាមួយ ហើយការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេសទាំងអស់បានឯកភាពគ្នាគាំទ្រ យកទៅហ្វឹកហាត់តាមការណែនាំរបស់យើង ដើម្បីមកប្រកួតជាមួយយើងនៅស៊ីហ្គេម។ ចំណុចមួយទៀតកម្ពុជាបានកំណត់របៀបតុបតែងខ្លួនកីឡាប្រដាល់គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណយើង គឺប្រើក្រមា និងទង់ជាតិជួតក្បាលនៅខាងមុខ។ រីឯប្រទេសផ្សេងគឺអាចប្រើក្រមាដូចគ្នា ដោយគ្រាន់តែដាក់ទង់ជាតិរបស់ប្រទេសរៀងៗខ្លួនបាន។ គ្រប់តាមស្ថានីយ៍ទូរទស្សន៍ គ្រប់ការប្រកួតគុនខ្មែរទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួនរបស់កីឡាករឱ្យដូចៗគ្នា អនុវត្តឱ្យបានដូចៗគ្នា ពោលគឺគំរូពុម្ពតែមួយ ស្លៀកតែមួយ ការតុបតែងតែមួយឱ្យមានឯកភាពជាតិតែមួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍមួយឆ្ពោះទៅរកចីរភាព។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តនឹងផ្សព្វផ្សាយស្វែងរកសមាជិកភាពឱ្យបានច្រើនបន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស រាប់បញ្ជូលទាំងក្នុងអាស៊ានមានគុនខ្មែរ៨ប្រទេស) ដោយនេះជាសញ្ញាណវិជ្ជមានដ៏រឹងមាំ ដែលជាឱកាសមាសមួយសម្រាប់កម្ពុជា ក្នុងការដាក់បញ្ជូលកីឡាគុនខ្មែរចូលក្នុងស៊ីហ្គេម។ បន្ថែមពីលើនេះ កម្ពុជានឹងខិតខំប្រឹងប្រែងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិទៅគ្រប់ប្រទេសទាំងអស់ ដោយក្បាច់គុនបុរាណខ្មែរនេះមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឱ្យបានត្រឹមត្រូវក្បួនខ្នាតទ្រឹស្តីកីឡា និងច្បាប់ទម្លាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាមរយៈការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងកិច្ចប្រជុំនាយកបេសកម្មអូឡាពិកប្រទេសនីមួយៗ។
អ្វីជាការប្តេជ្ញាចិត្តដ៏មោះមុតក្នុងនាមជាប្រតិបត្តិករកីឡាដ៏សកម្មមួយរូប ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញពីមហិច្ឆារបស់កម្ពុជា ក្នុងការតស៊ូមតិ ខិតខំបន្ថែមឱ្យអស់ពីលទ្ធភាព ដើម្បីដាក់គោលដៅស្នើសុំឱ្យ «គុនខ្មែរ» ដែលជាក្បាច់គុនប្រពៃណីជាតិខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ៗជំនាន់បានដាក់បញ្ជូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ជាបន្តបន្ទាប់ទៀត បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ក្នុងស្មារតីជាតិនិយម ដើម្បីរួមគ្នាថែរក្សាមរតកក្បាច់គុន «គុនខ្មែរ» ដើម្បីកិត្តិយសជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ពីព្រោះស៊ីហ្គេម ២០២៣ គឺជាទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា រួមទាំងគោលដៅឆ្ពោះទៅស៊ីហ្គេម នាឆ្នាំបន្ទបន្ទាប់ទៀត ក៏ដូចជាពង្រីកការអភិវឌ្ឍឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា នាថ្ងៃអនាគតផងដែរ៕










ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា