ក្រសួងបរិស្ថានជំរុញលើកទឹកចិត្ដដល់អ្នកមានធនធានបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជា
ខេត្ដសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជានិងចង់ឃើញប្រជាពលរដ្ឋចេះកែច្នៃកាកសំណល់ប្រើរួចយកមកប្រើប្រាស់ឡើងវិញ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមធ្វើការកែច្នៃកាកសំណល់ទាំង នេះក៏មាន ការចូលរួមពីក្រុមហ៊ុនអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន ក្នុងនោះ ក៏មានក្រុមហ៊ុនដែលទទួលបាន សិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋដែល យកប្លាស្ទិកបញ្ចូលនឹងសារធាតុផ្សេងបញ្ចូលគ្នាបានក្លាយជាឥដ្ឋ។ ទន្ទឹមនេះ ក៏មានការចូលរួមពីក្រុមហ៊ុនគម្រោង ដែលធ្វើការកែច្នៃកាកសំណល់ និងការផលិតចានអេកូដែល ធ្វើពីដើមចេក និងការបង្កើតជីកំប៉ុសដែលធ្វើជាអាចម៍ជន្លេនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា នេះជាការបង្ហាញពីការខិតខំប្រឹងប្រែងជារួមនៃការដាក់ដំណោះស្រាយ លើការកាត់បន្ថយកាកសំណល់នៅលើភពផែនដី តាមរយៈការអនុវត្ត3R គឺការកាត់បន្ថយ ការកែច្នៃការប្រើប្រាស់ឡើងវិញ ដែលស្ថិតក្នុងក្របខណ្ឌក្នុងសេដ្ឋកិច្ចវិលជុំសំដៅលើការធ្វើឱ្យសំណល់មានប្រយោជន៍ មានតម្លៃហើយអាចប្រើប្រាស់វិលត្រឡប់ទៅវិញដើម្បីកាត់បន្ថយ សម្ពាធលើធនធានធម្មជាតិ និងភពផែនដី។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ «ផលិតដែលចេញមកនេះគឺចេញពីកាកសំណល់ដែលគេបោះចោល ហើយពលរដ្ឋមួយចំនួនយល់ឃើញថាកាកសំណល់មិនមានតម្លៃ តែតាមពិតវា មានតម្លៃជាសេដ្ឋកិច្ច សំខាន់ណាស់ ហើយបើសិនយើងប្រើប្រាស់នូវ មធ្យោបាយវិធីសាស្រ្តក្នុងការកែច្នៃកាន់តែច្រើនមានន័យថាយើងដកហូតនូវតម្លៃសេដ្ឋកិច្ចកាន់តែច្រើន»។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក៏បានលើកឡើងបន្តថា សំរាមនៅបណ្តាប្រទេសមួយចំនួនគេបានយកទៅធ្វើការកែច្នៃស្ទើរតែទាំងអស់។ មានន័យថាកាកសំណល់ដែលបង្កើតឡើងគឺស្ទើរតែមិនបានយកទៅបោះចោលនៅទីលានចាក់សំរាមនោះទេ។
ឯកឧត្តមបន្ថែមថា ការកែច្នៃសំរាមឡើងវិញបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានផង និងជួយធនធាននៅលើភពផែនដីមាននិរន្តរភាពផងដែរ។
ឯកឧត្តមគូសបញ្ជាក់ឱ្យដឹងទៀតថា៖ «យើងជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនគួរចូលរួមបន្ថែមទៀត ក្នុងការជំរុញការកែច្នៃសំរាមនៅក្នុងប្រទេស ខណៈមួយថ្ងៃយើងមានសំរាមជាង មួយម៉ឺនលានតោន ហើយមួយឆ្នាំជាង៤លានតោន។ បច្ចុប្បន្ននេះសំណល់ត្រឹម តែ៥០% ទៅ៧០% ដែលប្រមូលហើយយកទៅចាក់ចោលនៅទីលាន »។
បើតាមឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា នៅពេលបច្ចុប្បន្ននេះការកែច្នៃកាកសំណល់ នៅ មានកម្រិតនៅឡើយដែលមានប្រមាណពី១០% ទៅ១៥% ។ ដូច្នេះការយកសំរាមនៅ បោះចោលច្រើន ធ្វើឱ្យខាតនូវតម្លៃសេដ្ឋកិច្ច ។ ចំណែកការជំរុញឱ្យការកែច្នៃឡើងវិញ គឺជាការ ដកផលចំណេញពីសេដ្ឋកិច្ចលើសំណល់ដែលបង្កើតឡើង និងចូលរួមការពារបរិស្ថានផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន