ធនាគារជាតិនៃកម្ពុជា ហាមឃាត់ដាច់ខាតទទួលយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន។

ធនាគារជាតិនៃកម្ពុជា សូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ជ្រាបថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញ ដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋ តែប៉ុណ្ណោះ។
លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។ នេះជាការក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ និងតម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវ រងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ជ្រាបនិងសហការអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
