ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណ មជ្ឍមណ្ឌល CCIM (វិទ្យុ VOD) ដោយសារបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាស សម្រេចលុបចោលអាជ្ញាប័ណ្ណ មជ្ឍមណ្ឌល CCIM (VOD) ដោយសាររំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។

ក្រសួងព័ត៌មាន សម្រេចលុបលិខិតលេខ១៦៥ព.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្ដីពីរបប សារព័ត៌មាន ៕

ប្រភព៖ ក្រសួងព័ត៌មាន