លម្អិតករណីអគ្គិភ័យ ដែលឆាបឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងអេឡិចត្រូនិចចំនួន ៦ល្វែង ផ្ទះជាប់គ្នា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំចង្អុលបង្ហាញផ្ទាល់ដោយ លោក គាត ហ៊ុល អភិបាលក្រុង ចុះជួយពន្លត់អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងអេឡិចត្រូនិចចំនួន ០៦ល្វែង ផ្ទះជាប់គ្នា ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អគ្គិភ័យខាងលើនេះ សរុបការខូចខាតរួមមាន ខូចខាតផ្ទះប្រមាណ ៧០% រួមជាមួយសម្ភារអេឡិចត្រូនិច មួយចំនួនធំ។ ការឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យតែម្តង ក្នុងករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ១០គ្រឿង ក្នុងនោះមានរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន ០៦គ្រឿង រថយន្តរបស់ភាគីថៃចំនួន ០២គ្រឿង រថយន្តរបស់កាស៊ីណូហ្រ្គេនដាយមិនស៊ីធី ចំនួន ០១គ្រឿង និង រថយន្តរបស់ កាស៊ីណូ ត្រូពីកាណា ចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕













