សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចផ្លាស់ប្ដូរអ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជាឱ្យមកប្រទេសទាំងពីរវិញ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាសម្រេចផ្លាស់ប្ដូរអ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជាឱ្យមកប្រទេសទាំងពីរវិញ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនចាំបាច់រង់ចាំក្នុងការធ្វើបដិការនោះទេ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែលផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជាពីប្រទេសឡាវ ក្រោយបញ្ចប់ជំនួបទ្វេភាគីរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខណៈដែលសម្ដេចដឹកនាំគណៈប្រតិភូអញ្ជើញបំពេញមកទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនោះ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា៖ «ខ្ញុំបានប្រកាសជាមួយឯកឧត្តម សនសៃ ទាក់ទិនជាមួយនឹងការផ្លាស់ប្ដូរអ្នកទោសនៅកម្ពុជា មិនចាំបាច់រង់ចាំក្នុងការធ្វើបដិការទេ គឺកម្ពុជាសម្រេចផ្ដល់អ្នកទោសដែលជាប់ទោសនៅកម្ពុជា ឱ្យវិលត្រឡប់មកកាន់ប្រទេសឡាវនេះ ឱ្យបានមុនចូលបុណ្យចូលឆ្នាំប្រពៃណីជាតិ»។
សម្ដេចតេជោបន្តថា កម្ពុជាក៏ធ្វើបញ្ហានេះដែរជាមួយនឹងព្រះរាជាណាចក្រថៃ ដោយជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជំរុញអ្នកដែលជាប់ទោសនៅកម្ពុជា ត្រឡប់មកប្រទេសថៃវិញឱ្យបានមុនចូលឆ្នាំខ្មែរ ហើយខ្ញុំក៏បានប្រាប់សម្ដេចក្រឡាហោម ស ខេង ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តធម៌ ដើម្បីធ្វើកិច្ចការងារនេះឱ្យបានឆាប់។
ទាក់ទងនឹងបញ្ហាថាមពល សម្ដេចតេជោ ថ្លែងបញ្ជាក់ថា គេបានដឹងហើយថា ឡាវគឺជាធុងអាគុយនៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាក៏ជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះយើងផ្ដោតការយកចិត្តទុកដាក់សហការគ្នាលើការអភិវឌ្ឍវិស័យថាមពល ទាំងបញ្ហាវារីអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
សម្តេចតេជោលើកឡើងថា ចំណុចទីពីរ យើងក៏បានយល់ស្របជាមួយគ្នា ទាក់ទិននិងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាត់តាពើ ជាមួយខេត្តរតនគិរី ដែលនេះគឺជាការផ្ដល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងជំនួបទ្វេភាគី យើងក៏បានពិភាក្សាគ្នាទាក់ទិននឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿន រវាងកម្ពុជា រវាងឡាវ ជាមួយនឹងបណ្ដាប្រទេសដទៃទៀតរាប់ទាំងកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ការពិភាក្សារបស់យើងក៏គ្របដណ្ដប់ទៅលើបញ្ហាទាក់ទងជាមួយនឹងវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្ដាទីក្រុង ជាពិសេស ហ្លួងព្រះបាន- សៀមរាប- ភ្នំពេញ ដែលអាចផ្ដល់ឱកាសសម្រាប់អ្នកទេសចរណ៍ ដែលអាចធ្វើដំណើរមកកាន់ឡាវផង កម្ពុជាផង និងកម្ពុជាផង ឡាវផង ផ្ដល់ឱកាសសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ក្រៅពីនេះយើងបន្តនឹងធ្វើកិច្ចការទាំងឡាយដែលទាក់ទងនឹងបញ្ហាព្រំដែន ឱ្យទៅជាព្រំដែនដែលមានសន្តិភាព និងសហប្រតិបត្តិការ ដោះស្រាយបញ្ហាទាំងអស់នាពេលខាងមុខនេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញសម្ដេចមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ហើយការពិភាក្សាបានប្រកបដោយផ្លែផ្កា។
ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថា ការអញ្ជើញមកបំពេញមកទស្សនកិច្ចផ្លូវការនៅប្រទេសឡាវលើកនេះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីមានសារសំខាន់បំផុត ក្នុងការជំរុញពូនជ្រុំនូវទំនាក់ទំនងជាមួយកម្ពុជា ក្នុងឋានៈជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្ថិតស្ថេរចីរកាល រវាងឡាវ និងកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន