ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ កំពុងសិក្សាត្រៀមស្ថាបនាផ្លូវ១ខ្សែ តាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូ

    BY Khmernote Media February 14, 2023
    រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ កំពុងសិក្សាត្រៀមស្ថាបនាផ្លូវ១ខ្សែ តាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

    នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ ឯកឧត្តមទទួលជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម។

    ចំពោះបញ្ហាកកស្ទះចរាចរណ៍ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការពេលនេះ បាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។

    កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនា នៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺកូវីដ-១៩។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

    លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ លើកឡើងផងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអគារខ្ពស់ៗជាង៣ពាន់អាគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

    លោកបន្តថា យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោក ក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការឡើងវិញ។

    ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីនេះក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

    ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុមហ៊ុន ឱ្យមានការសហការគ្នា រាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញនេះឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: