ចេញហើយ! មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អស្ចារ្យ និងពិសេសជាងមេដាយមុនៗ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨០ថ្ងៃទៀតប៉ុននោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ នឹងចាប់ផ្ដើមព្រឹត្តិការណ៍នៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

នៅក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពពីមេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ អាចចាត់ទុកជាគំរូមេដាយល្អឯកមួយ ដែលមានលក្ខណៈអស្ចារ្យជាប្រវិត្តិសាស្រ្ត និងមានភាពអស្ចារ្យជាងមេដាយមុនៗ។
បើយោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈគេហទំព័ BTV News បានឱ្យដឹងថា មេដាយទាំងអស់នេះ ផលិតនៅប្រទេសិង្ហបុរី ដែលមានលក្ខណៈប្រណិតបំផុត និងមានធាតុផ្សំពិសេសៗជាច្រើន ហើយតាមគ្រោងទុកការផលិតមេដាយក្នុងព្រឹក្តិការណ៍កីឡាអន្តរជាតិនេះ គឺសរុបប្រមាណជា ៦ពាន់មេដាយសម្រាប់កីឡាករ និងការផលិតមេដាយជាច្រើនទៀត ទុកជាអនុស្សាវរីយ៍ ផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវជាដើម។
ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីអត្ថន័យរចនាបថមេដាយ ដែលក្នុងនោះរួមមាន៖ រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ សន្តិភាព រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះៗ ផ្ការំដួល៧ទង តំណាងឱ្យ៧មករា និងមានរចនាបថពិសេសៗជាច្រើនទៀតផងដែរ ៕


ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ