ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ត្រៀមមេដាយមាសចំនួន ៦០០និងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

    BY Khmernote Media February 14, 2023
    កម្ពុជា ត្រៀមមេដាយមាសចំនួន ៦០០និងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជាត្រៀមមេដាយមាសចំនួន៦០០ និងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីទុកជូនអត្តពលិកដែលមកប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២៣នេះ។

    ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានមានប្រសាសន៍ថា មេដាយគឺជារបស់ដ៏មានតម្លៃនៅក្នុងការប្រកួត ដែលកីឡាករម្នាក់ៗ អត្តពលិកម្នាក់ៗ ត្រូវតែប្រជែងគ្នា ដើម្បីទទួលបានមេដាយនីមួយៗ។ ឯកឧត្តម បានបន្តថា ក្នុងព្រឹត្តិការណ៍រៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាង មុខនេះ កម្ពុជាបានត្រៀមមេដាយ រួមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើន សម្រាប់ទុកជូនកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

    ឯកឧត្តមបានបញ្ជាក់ថា មេដាយដែលកម្ពុជាត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣នេះសរុបមានចំនួន៦០០មេដាយ ដែលរួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងមានមេដាយសម្រាប់ទុកជាអនុស្សាវរីយ៍សម្រាប់ជូនប្រតិភូ ថ្នាក់ដឹកនាំ ក៏ដូចម្ចាស់ជំនួយដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះផងដែរ។

    «យើងឃើញថាមេដាយគឺជាមរតកមួយដែលនៅក្នុងការ ប្រកួតកីឡាគឺជាការស្រមៃនិងការប្រាថ្នាចង់បានរបស់កីឡាករកីឡាការិនី ហើយវាមានតម្លៃជាសីលធម៌និងជាវិជ្ជាជីវៈតម្លៃជាសីលធម៌ដែលមិនអាចកាត់ថ្លៃបាន វាជាតម្លៃនៃការប្រឹងប្រែងរាប់ឆ្នាំរបស់កីឡាករ ដើម្បីប្រជែងយកមហាកិត្តិយសដែលគេហៅថាមេដាយនេះ អ៊ីចឹងនៅក្នុងការរៀបចំជាលក្ខណៈពហុកីឡាការប្រកួតកីឡាស៊ីហ្គេមនេះ គឺយកចិត្តទុក ដាក់ទៅលើការឌីហ្សាញក៏ដូចជាការរៀបចំឲ្យមានលក្ខណៈពិសេសឲ្យមានការទាក់ទាញនិងសមទៅនឹងការខិតខំប្រឹងប្រែងនិងកិត្តិយសរបស់ជាតិរបស់អន្តរជាតិទាំងអស់ដែលបានចូលរួមប្រកួត អញ្ចឹងគេហៅថាជាការបន្សល់ទុករបស់យើងសម្រាប់មួយជីវិតរបស់កីឡាករកីឡាការិនី»

    គួរជម្រាបថា កីឡាចំនួន ៣៧ ប្រភេទកីឡាត្រូវបានចុះបញ្ជីជាផ្លូវ ការសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ និង ប្រភេទកីឡាចំនួន ១៣ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។កីឡាទាំងនោះ រួមមាន ហែលទឹក (ហែលទឹក, លោតទឹកនិងកីឡាបាល់ទឹក), អត្តពលកម្ម, វាយសី, បាល់បោះ (៥x៥, ៣x៣), ប្រដាល់សកល, បុកប៊ីយ៉ា, ប្រណាំងកង់ (កង់គួក និងកង់ភ្នំ), ទូកកានូ និងរ៉ូអ៊ីង, អុក (អុកចត្រង្គ, ប្រចាំតំបន់, អុកចិន), កីឡារាំ, កីឡាគុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, កីឡាហុកគី, សូហ្វតេនីស្ត, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទូកប្រពៃណី, ទ្រីយ៉ាថ្លុង, បាល់ទះ, ចំបាប់ ,លើកទម្ងន់, ហែលទឹកជើង ទា, កាយវប្បកម្ម, កីឡាអេឡិចត្រូនិច, Silat, cricket , ម៉ូតូទឹក, វ៉ូស៊ូ, កីឡា floorball និងកីឡាឧបសគ្គ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ ៨១ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ៕

    ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: