ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រងរដ្ឋបាល សរុប ៣ ០០០ កន្លែង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រងរដ្ឋបាល សរុប ៣ ០០០ កន្លែង។

នៅក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រង រដ្ឋបាល សរុប ៣ ០០០ កន្លែង ក្នុងនោះអង្គភាព ឬគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទទីស្ដីការក្រសួង ចំនួន ២៦៥ កន្លែង និងគ្រឹះស្ថានសិក្សាសាធារណៈនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចំនួន ២ ៧៣៥ កន្លែង តាមប្រភេទក្របខ័ណ្ឌដូចក្នុងតារាងបែងចែកក្របខ័ណ្ឌជូនភ្ជាប់។
ក្នុងន័យនេះ សូមលោក លោកស្រីប្រធាន រៀបចំបញ្ជីប៉ុស្តិ៍សាលារៀនដែលមានតម្រូវការចាំបាច់ ដោយមានទម្រង់បញ្ជីប៉ុស្ត៍សាលារៀន(បីទម្រង់៖ បញ្ជីប៉ុស្តិ៍វិទ្យាល័យ បញ្ជីប៉ុស្តិ៍អនុវិទ្យាល័យ និងបញ្ជីប៉ុស្តិ៍ សាលាបឋមសិក្សា/មត្តេយ្យសិក្សា)ជូនភ្ជាប់ ទៅតាមឯកទេស និងប្រភេទក្របខ័ណ្ឌនីមួយៗ ដើម្បីក្រសួង មានមូលដ្ឋាន រៀបចំការប្រឡងជ្រើសរើស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន រៀបចំបញ្ជីប៉ុស្តិ៍សាលារៀន និង ផ្តល់ទៅនាយកដ្ឋានបុគ្គលិកមុនដំណាច់ខែមីនា ឆ្នាំ២០២៣ ៕









ប្រភព៖ MoEYS Cambodia