សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករកីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែរ។ ជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ”
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ “ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករកីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនិងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕”

