ស្ថានទូតតួកគី អរគុណប្រជាជនកម្ពុជា ចំពោះការបរិច្ចាគ និងលើកឡើងថាពិតជាមានសំណាងដែលបានមកបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងធំបែបនេះ
(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសតួកគី បានជួបសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន។ គេឃើញសហគមន៍អន្តរជាតិ បានរួបរួមគ្នាបរិច្ចាគជាថវិកា សម្ភារ និងបញ្ជូនអ្នកសង្គ្រោះរបស់ខ្លួនទៅកាន់ប្រទេសតួកគី ដើម្បីជួយរុករកអ្នកដែលកំពុងជាប់ក្នុងគំនរបែកបាក់។

ជាមួយគ្នានេះផងដែរ នៅកម្ពុជា ដោយរាជរដ្ឋាភិបាល និងប្រជាជន បានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សដល់ស្ថានទូតតួកគីនៅកម្ពុជា។ ក្រោយពីទទួលបានជំនួយដ៏ច្រើនបែបនេះ ស្ថានទូតតួកគីនៅកម្ពុជា ក៏បានបង្ហោះសារថ្លែងអំណរគុណប្រកបដោយមានខ្លឹមសារ ដោយចាត់ទុកខ្លួនឯងមានសំណាងណាស់ដែលបានមកបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងធំបែបនេះ។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត បានឱ្យដឹងថា «កម្ពុជាបានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងនាមជាមិត្តដ៏រឹងមាំ និងជាដៃគូរបស់ប្រទេសតួកគី។ ទូលព្រះបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិករាជរដ្ឋាភិបាលទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សរបស់កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសតួកគី។
អំណោយពីកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន គឺជាជំនួយមួយផ្នែកក្នុងការគាំទ្រយុទ្ធនាការជំនួយរបស់យើងខ្ញុំផងដែរ។ យើងខ្ញុំបានទទួលអំណោយដោយសប្បុរសពីមន្ត្រីរដ្ឋាភិបាល និងឥស្សរជនផ្សេងៗ រួមមាន ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា លោកជំទាវ ហ៊ុន ម៉ាលី។
ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់អ្នកជំនួញកម្ពុជា រួមមាន សមាគមន៏វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោកជំទាវ លី សុជិន លោក រ៉ាមី ហ្សារ៉ាស និងមានអ្នកជំនួញជាច្រើនរូបទៀត។ ក្នុងនាមជាប្រទេសមួយដែលមានឧស្សាហកម្មវាយនភណ្ឌរឹងមាំ យើងទទួលបានភួយជាង ៤០០០ភួយ ថង់គេងជាច្រើនទៀត សម្លៀកបំពាក់រដូវរងាជាច្រើនតោន ព្រមទាំងអាហារត្រូវបានបរិច្ចាគដោយក្រុមហ៊ុន និងរោងចក្រផ្សេងៗជាច្រើន។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន យើងបានបញ្ជូនអំណោយលើកទី១ ទំងន់១៥ តោនទៅតួកគី តាមយន្តហោះនៅទីក្រុងបាងកក។ ក្រៅពីសហគមន៍តួកគីក្នុងទីក្រុងភ្នំពេញ យើងក៏បានទទួលជំនួយយ៉ាងច្រើនពីអតីតនិស្សិតដែលទៅសិក្សានៅតួកគីសម្រាប់ការងាររៀបចំ វេចខ្ចប់ និងការលើកជញ្ជូនអំណោយផងដែរ។
ក្នុងនាមស្ថានទូតរបស់ខ្ញុំ និងសហគមន៍តួកគីនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានជួយយើងតាមគ្រប់មធ្យោបាយ ក៏ដូចជាសហគមន៍ការទូតសម្រាប់សាមគ្គីភាពដ៏រឹងមាំរបស់ពួកគេ។ សារនៃការគាំទ្រ និងការផ្ដល់ជំនួយខ្ញុំទទួលបានច្រើនលើសលប់។ ខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាងណាស់ដែលបានមកបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងធំបែបនេះ។ សូមចូលរួមរំលែកទុក្ខដល់ប្រទេសតួកគី របស់ខ្ញុំ»៕




ប្រភព៖ T.C. Punom Pen Büyükelçiliği / Turkish Embassy in Phnom Penh