ព័ត៌មានជាតិ

ទីបំផុត ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

BY
Khmernote Media
February 16, 2023

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។

លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។
២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ
៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Share This Post: