ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺករណីមន្ត្រីពន្ធដារ និងសមត្ថកិច្ច ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក

    BY Khmernote Media February 17, 2023
    អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺករណីមន្ត្រីពន្ធដារ និងសមត្ថកិច្ច ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺ ករណីមន្ត្រីពន្ធដារ និងសមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក។

    កាលពីពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាពនៃការចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយបានលើកឡើងថា «(ស្វាយរៀង) ភូមិពភ្លា សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ មន្ត្រីពន្ធដារនិងប៉ូលិស ចរាចរណ៍ចុះទៅសួរសុខទុក្ខបងប្អូនតាមវាលស្រែ ក្នុងគោយន្តមួយគ្រឿងត្រូវផាកពិន័យ ២០០ ០០០ រៀល»

    អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងគោលដៅធានាបាននូវការគ្រប់គ្រងប្រមូលចំណូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសដើម្បីធានា បាននូវសមធម៌និងតម្លាភាពនៃការបំពេញកាតព្វកិច្ចពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការចុះត្រួតពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ស្របតាមសេចក្តីជូនដំណឹងលេខ ៣១១០៨ អពដ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ ប្រភេទប្រចាំឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។

    ចំពោះការលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ខាងលើ អគ្គនាយកដ្ឋានពន្ធដារ សូមបំភ្លឺថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចម្រុះចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដឹកនាំដោយសាខាពន្ធដារខេត្តស្វាយរៀង បានចុះត្រួតពិនិត្យតាមដងផ្លូវនៅជិតទីតាំងដែលរថយន្តកែច្នៃនោះកំពុងចរាចរ និងប្រកបសកម្មភាពអាជីវកម្មដឹកដី ហើយបានពិនិត្យឃើញថាម្ចាស់រថយន្តកែច្នៃទាំងនោះ ពុំទាន់បានបំពេញកាតព្វកិច្ចបង់ ពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៅឡើយ ទើបកម្លាំងចម្រុះធ្វើការណែនាំ និងអញ្ជើញម្ចាស់រថយន្តកែច្នៃទាំងនោះ មកបំពេញកាតព្វកិច្ចបង់ពន្ធនៅគោលដៅកំណត់។

    អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ថា ការអនុវត្តភារកិច្ចរបស់មន្ត្រីពន្ធដារគឺត្រូវអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន ក្នុងករណីមន្ត្រីពន្ធដាររូបណាអនុវត្តខុសពីច្បាប់នឹងបទប្បញ្ញត្តិជាធរមាននឹងត្រូវទទួលរងពិន័យឬ ទោសទណ្ឌតាមច្បាប់។ ហេតុនេះ សូមសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបនិងចូលរួមសហការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានឱ្យបានខ្ជាប់ខ្ជួន។

    ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏សូមជំរុញដល់ម្ចាស់យានយន្ត ដែលខកខានមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ សូមមេត្តារួសរាន់មកបំពេញ កាតព្វកិច្ចបង់ពន្ធនេះឱ្យបានត្រឹមត្រូវ ៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    Share This Post: