ក្រសួងសុខាភិបាល កំណត់តម្លៃធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ មកត្រឹម ៥០ដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ ត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេសដែលនៅមានតម្រូវការចាំបាច់។

ក្រសួងសុខាភិបាលសូមជម្រាប ឯកឧត្តម លោក លោកស្រី ជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត កូវីដ-១៩ នៅរាជធានី-ខេត្ត កំណត់តម្លៃត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្តនិងចេញវិញ្ញាបនបត បញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ (SARS-CoV-2 by RT-PCR) ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេស ដែល នៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។
ការកំណត់តម្លៃនេះ មានសុពលភាព ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។ គួរកត់សម្គាល់ថា ប្រទេសកម្ពុជា ពុំតម្រូវឲ្យធ្វើតេស្ត PCR ទេ លើកលែងតែប្រទេស ដែលអ្នកដំណើរ ចេញពីប្រទេសកម្ពុជា គេត្រូវការ ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា