ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺករណីឆក់នៅខណ្ឌដូនពេញ តាមពិតជារឿងទំនាស់រវាងសង្សារមួយគូឈ្លោះប្រកែកគ្នាមិនព្រមទៅដើរលេងជាមួយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួន បានថតឡាយព័ត៌មានថាជាករណីឆក់ តាមពិតជាក់ស្តែងជាករណីទំនាស់រវាងសង្សារមួយគូឈ្លោះប្រកែកគ្នា នៅចំណុចផ្លូវ២០៨កែង៦៣ ខណ្ឌដូនពេញ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទី មានសង្សារមួយគូឈ្លោះប្រកែកគ្នានៅចំណុចផ្លូវ២០៨ កែង៦៣ ភាគីខាងប្រុសឈ្មោះ ស៊ូ ឆូហៅឆេ អាយុ៣២ឆ្នាំ ទីលំនៅផ្ទះលេខ១០០ ផ្លូវ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ ទីលំនៅផ្ទះជួល ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរលក់នំ ទៅដើរលេងពេលនោះខាងស្រីមិនព្រមបានប្រតាយគ្នារហូតដល់ជ្រុះទូរស័ព្ទ ត្រូវបានសង្សារគាត់ដណ្តើម ហើយស្រែកឆោឡោ និងមានអ្នកសារព័ត៌មានមកថតឡាយ។
ខណៈនោះកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកដល់កន្លែងកើតហេតុក៏ទៅជួយអន្តរាគមន៍ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសារសួរជាលទ្ធផល គឺជាករណីការឈ្លោះប្រកែកគ្នាដោយមិនព្រមទៅដើរលេងជាមួយ។
បន្ទាប់ពីបញ្ចប់ការសាកសួររួច ភាគីខាងនារីបានសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យាឈប់ឈ្លោះប្រកែកគ្នាបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ៕



