សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបុណ្យតារាកំប្លែងនាយក្តឹប ២០លានរៀល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម សេង ទៀង យកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបុណ្យសពនាយក្តឹបចំនួន ២០លានរៀល។

លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា បន្ទាប់ពីឈឺរ៉ាំរៃជាច្រើនមុខអស់រយៈពេលច្រើនឆ្នាំ តារាកំប្លែងជើងចាស់ លោក ឃុន ចាន់ក្តឹប (នាយក្តឹប) បានទទួលមរណភាពនៅវេលាម៉ោង៩និង៤៥នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕


