ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធសិក្សាពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈដល់យុវជនក្រីក្រដោយមិនគិតថ្លៃ

    BY Khmernote Media February 20, 2023
    សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធសិក្សាពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈដល់យុវជនក្រីក្រដោយមិនគិតថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ស្នើ​ឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងពាក់ព័ន្ធធ្វើការពិនិត្យនៅតាម​ស្ថាប័ន​ណា​ខ្លះ​ដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជនក្រីក្រ ចំនួន១លាន ៥ សែន នាក់ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាប់​ឧបត្តម្ភ​ពីរដ្ឋថែមទៀត។

    ការស្នើរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់​វិញ្ញា​បន​បត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធន​ធាន​មនុស្ស​ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍​ពាណិជ្ជ​កម្មជ្រោយចង្វារ រាជធានីភ្នំពេញ។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិភាក្សា​ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគោលដៅរបស់យើង គឺនឹងបណ្តុះបណ្តាលជាមួយសិស្ស និស្សិត យុវជក្រីក្រចំនួន​១លាន ៥ សែននាក់»។ សម្តេចតេជោថ្លែងបញ្ជាក់ថា ក្នុងចំណោម១លាន៥សែននាក់​នោះ​នឹងធ្វើការបែងចែកការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងគ្នា ដូចជាវិជ្ជាជីវៈដូនតាក្នុងរង្វង់ ២ ​ភាគ​រយ​ ទៅ៤ភាគរយ ជំនាញតម្បាញ ចម្កាក់ គំនូរ ឬស្មូនជាដើម។ សម្រាប់វិជ្ជាជីវៈ​បណ្តា​ជំនាញ​ផ្សេងទៀត ដែលមួយផ្នែកគ្រប់គ្រងដោយ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ​និងគ្រប់គ្រងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចំពោះការបណ្តុះ​បណ្តាល​វិជ្ជាជីវៈដូនតា នឹងគ្រប់គ្រង ដោយក្រសួងវប្បធម៌ វិចិត្រសិល្បៈ។

    ​សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «អីចឹងទេឥឡូវនេះយើងអាចបែង​ចែក សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ នូវសិស្សក្រីក្រ សម្រាប់សាកលវិទ្យាល័យបាន​ចុះ​បណ្តុះបណ្តាលសាក ហើយអ្នកដែលបានបណ្តុះបណ្តាលនោះមិនគិតថ្លៃទេ ថែម​ទាំង​ទទួល​បានប្រាក់ឧបត្តម្ភពីរដ្ឋថែមទៀត។ អីចឹងខ្ញុំសូមស្នើឱ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិនិត្យ​មើល មានសាលាប៉ុន្មានកំពុងធ្វើបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្ត ឱ្យបន្តខិតខំរក្សានូវការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ»។ សម្តេចតេជោបានលើកឡើងថាការ​បណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើង មានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បី​បម្រើ​ការអភិវឌ្ឍកាន់តែលឿនដែលឆ្ពោះផ្អែកលើកគោលដៅមានចំណេះដឹង។

    ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ក្រសួងអប់រំ យុវជន និង​កីឡាបានផ្តល់ឱកាសដល់សិស្សដែលប្រឡងធ្លាក់បាក់ឌុប អាចរៀនបរិញ្ញាបត្ររង ដែល​ជា​រឿងមួយ ប៉ុន្តែសម្រាប់ការរៀន ជំនាញបណ្តុះបណ្តាល​វិជ្ជាជីវៈមានកម្រិតកំណត់​ដោយ​មិនយកលក្ខខណ្ឌខ្ពស់ៗនោះទេ។ សម្តេចតេជោអះអាងថា៖«ការបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន​១លាន៥សែន នាក់ ជាចំនួនមួយធំដែលរដ្ឋត្រូវចេញថវិកា សម្រាប់ផ្តល់យុវជន​ក្រីក្រ​ទាំងនោះទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ»

    សម្តេចតេជោក៏បានលើកឡើងថា រដ្ឋនឹងរកមើលទីកន្លែង​ឯកជនដែលមាន​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈរួចហើយ ដើម្បីយកផ្ញើក្នុងការបណ្តុះបណ្តាលជំនាញនៅទីនោះ​ដោយឧត្ថម្ភថវិកាជូន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: