ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ទទួលបានគ្រឿងអលង្ការបុរាណខ្មែរសរុបចំនួន ៧៧គ្រឿងពីក្រុមគ្រួសារជនជាតិអង់គ្លេស

    BY Khmernote Media February 20, 2023
    រាជរដ្ឋាភិបាល ទទួលបានគ្រឿងអលង្ការបុរាណខ្មែរសរុបចំនួន ៧៧គ្រឿងពីក្រុមគ្រួសារជនជាតិអង់គ្លេស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់គ្រឿងអលង្ការបុរាណខ្មែរ ពីគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជន ជ្រាបថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។

    បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្មនិងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រម ទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វដ។

    គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ចូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូច ជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿង អលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក​៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: