ក្មេងទំនើង ដែលគប់ដុំថ្មចូលរថយន្ត បង្កឱ្យមានអ្នករងរបួសធ្ងន់នៅផ្លូវជាតិលេខ៣នោះ ត្រូវបានសមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួនបានហើយ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន)។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីខេត្តកំពតទៅរាជធានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។
ជនសង្ស័យមានទី១-ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។
ទី២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទ ប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី២០២៣ ពាក់ផ្លាកលេខតាកែវ1.A B5578 ។
ទី៣-ឈ្មោះ អ៊ុន យូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម។
ទី៤-ឈ្មោះរី យ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អ៊ិចស៊ិនទ័រ បានរត់គេចខ្លួនបាត់។
ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់បានសារភាពថា នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង០៥នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទ័រ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.