ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី H5N1 លើមនុស្សនៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា មានករណី ជំងឺផ្តាសាយបក្សីចំនួន០១ករណី ដែលត្រូវបានអះអាងបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
កុមារីរូបនេះ ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ (៣៩អង្សាសេ) ព្រមទាំង មានក្អក និងឈឺបំពង់ក ក្រោយទទួលការព្យាបាលនៅក្នុងភូមិមិនធូរស្រាលរយៈពេល ៣ថ្ងៃ កុមារីក៏ចាប់ផ្តើមមានអាការៈ ហត់ ត្រូវបានបញ្ចូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅថ្ងៃដដែល គ្រូពេទ្យនៅមន្ទីរពេទ្យនេះ បានយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមាន វីរុសផ្ដាសាយបក្សី HSNI ចំណែកឯកុមារីរូបនេះ ក៏បានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ និងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅភូមិខាងលើ។
តាមការសាកសួរ នៅក្នុងបឹងអភិរក្សក្បែរភូមិដែលក្រុមគ្រួសារកុមារីរូបនេះរស់នៅ មានសត្វព្រៃងាប់ជាច្រើនខុស ប្រក្រតី ដូច្នេះ ពេទ្យសត្វ បានយកវត្ថុសំណាកទៅវិភាគនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តែនៅមិនទាន់ទទួលលទ្ធផលនៅ ឡើយ។ នេះជាករណីទី១ បន្ទាប់ពីមិនបានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្សអស់រយៈពេល០៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយជាករណីទី៥៧ បានរកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន ៤៥ករណី កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោម៥៧ករណីជានារី។
ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ ក្នុងចំណោមអ្នកដែលមានឆ្លងវីរុស H5N1 ចំនួន៥៧ករណីនេះ មានតែ១៩នាក់ទេដែលមានជីវិត។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិបាននឹងកំពុងធ្វើការអង្កេតស្រាវជ្រាវការកើត ឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុម ឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និង អ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ និងក្នុងពិធីបុណ្យ និងធ្វើយុទ្ធនាការអប់រំសុខ ភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖

