អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់កំហិតឲ្យការដ្ឋានស៊ីម៉ងត៍លាយស្រេចគ្មានច្បាប់មួយកន្លែង រុះរើឲ្យអស់ ក្រោយដួលរលំប៉ះពាល់ដល់ប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគិរី បានដាក់កំហិតឲ្យការដ្ឋានស៊ីម៉ងត៍លាយស្រេចគ្មានច្បាប់មួយកន្លែង មានទីតាំងក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ រុះរើឲ្យអស់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ដោយសារតែការដ្ឋានសំណង់ផលិតបេតុងលាយស្រេចនេះមិនមានច្បាប់អនុញ្ញាតឱ្យដំណើរ ការអាជីវកម្ម ធ្វើខុសបច្ចេកទេសដែលបណ្ដាលឱ្យមានការដួលរលំធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ និងជាពិសេសធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។
ដូចនេះ រដ្ឋបាលខេត្តបានសម្រេចមិនអនុញ្ញាតឱ្យបន្តសុពលភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចរបស់ ឈ្មោះ ហ៊ាង ឆៃលី និងរុះរើការដ្ឋានឱ្យហើយត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ប្រសិនបើម្ចាស់ សំណង់មិនអនុវត្តតាមការជូនដំណឹង ក្រុមការងារនឹងចុះអនុវត្តរុះរើ ហើយសោហ៊ុយ និងតម្លៃពលកម្មជា បន្ទុកចំណាយរបស់ម្ចាស់សាមី ដោយត្រូវពិន័យប្រាក់ជាអន្តរការណ៍បន្ថែម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក ហ៊ាង ឆលី ជ្រាប និងអនុវត្តប្រកបដោយ ទំនួលខុសត្រូវ ៕




ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី