ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាវប្បធម៌អត្តសញ្ញាណជាតិខ្មែរចំនួន៣ ត្រូវបានដាក់ឱ្យប្រកួតស៊ីហ្គេម ២០២៣

    BY Khmernote Media February 24, 2023
    កីឡាវប្បធម៌អត្តសញ្ញាណជាតិខ្មែរចំនួន៣ ត្រូវបានដាក់ឱ្យប្រកួតស៊ីហ្គេម ២០២៣

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងចំណោម៣៧ប្រភេទកីឡា ដែលរៀបចំដាក់ឱ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ កម្ពុជាបានសម្រេចដាក់បញ្ចូលនូវប្រភេទកីឡាវប្បធម៌អត្តសញ្ញាណជាតិរបស់ខ្លួនចំនួន៣ ដែលនេះជាឱកាសមាស ក្នុងការបង្ហាញកីឡាប្រណៃជាតិទាំងនេះទៅកាន់អន្តរជាតិ។

    ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ថោង ខុន កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ក្នុងចំណោម៣៧ប្រភេទកីឡានេះ ម្ចាស់ផ្ទះមានសិទ្ធិដាក់បញ្ចូល នូវប្រភេទកីឡាវប្បធម៌ប្រពៃជាតិ ដែលប្រជាពលរដ្ឋនិយមលេងក្នុងសង្គម។ ដូច្នេះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម កម្ពុជាសម្រេចដាក់បញ្ចូលប្រភេទកីឡាគុនល្បុក្កតោ គុនខ្មែរ និងអុកចត្រង្គ ដោយកម្ពុជាបានរៀបចំប្រកួតជើង ឯកអាស៊ីអាគ្នេយ៍រួចហើយ លើប្រភេទកីឡាគុនខ្មែរ និងអុកចត្រង្គ ខណៈគុនល្បុក្កតោ នឹងរៀបចំជើងឯកអាស៊ីអាគ្នេយ៍ នាខែក្រោយនេះ។ «ការធ្វើម្ចាស់ផ្ទះ គឺជាឱកាសបង្ហាញកីឡាវប្បធម៌អត្តសញ្ញាណជាតិ។ បើយើងមិនរៀបចំក្នុងនាមជាម្ចាស់ផ្ទះនោះទេ គឺយើងនឹងមិនមានឱកាសល្អបែបនេះទៀតទេ ពោលគឺដើម្បីអភិរក្ស និងការអភិវឌ្ឍ»

    និយាយដោយឡែក ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរ បច្ចុប្បន្នមាន ៥០ប្រទេស ដែលកម្ពុជាកំពុងសម្រួចមហិច្ឆតារបស់ខ្លួន ឱ្យទទួលបានការគាំទ្របន្ថែម នៅប្រទេសផ្សេងទៀតឱ្យកាន់តែច្រើន តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ដែលកំពុងបំផ្ទុះការផ្សព្វផ្សាយ ក្នុងការនាំយកប្រភេទកីឡាប្រពៃណីខ្មែរមួយនេះ ទៅកាន់ពិភពលោក។ ការទទួលបានការគាំទ្រពីគុនខ្មែរ នៅលើឆាកអន្តរជាតិចំនួន ៥០ប្រទេសនាពេលនេះ គឺអាស្រ័យដោយភាពប្រាកដប្រជា ប្រភពក្បាច់គុនវប្បធម៌អត្តសញ្ញាណជាតិ ដ៏ច្បាស់លាស់របស់កម្ពុជា។

    ឯកឧត្តមបន្ថែមថា ដូច្នេះក្នុងការរៀបចំបច្ចេកទេស គឺគណៈកម្មាធិការជាតិ CAMSOC កំពុងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមខ្លួនឱ្យបានល្អ ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅស្វែងរកមេដាយជូនជាតិឱ្យបានកាន់តែច្រើន ក្នុងនាមជាម្ចាស់ផ្ទះ។ ការធ្វើម្ចាស់ផ្ទះនេះ មិនមែនសម្រេចឯកភាពតែខ្លួនឯងទេ ពោលគឺមានការឯកភាពគ្នាជាមួយសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ាន ដោយបន្ស៊ីគ្នា ការយោគយល់គ្នា ក្នុងរង្វង់គ្រួសារអាស៊ីអាគ្នេយ៍ទាំងមូល ហើយស្របតាមធម្មនុញ្ញស៊ីហ្គេម ផងដែរ។

    ឯកឧត្តមអគ្គលេខាធិការថ្លែងទៀតថា «ដើម្បីជំរុញឱ្យដំណើរការរៀបចំនេះបានល្អ កម្ពុជាបានផ្លាស់ប្តូរយោបល់ ជាមួយស្ថាប័នកីឡាតំបន់អាស៊ាន ដើម្បីកំណត់នូវគោលការណ៍សំខាន់ៗរបស់ម្ចាស់ផ្ទះ ដែលជាធម្មតា ការកំណត់ប្រភេទកីឡា និងវិញ្ញាសា ត្រូវប្រកាសដល់សមាជិកអាស៊ាន មុនពេល១ឆ្នាំទៅ២ឆ្នាំ។ ដូច្នេះទាំងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមត្រូវបានកំណត់ ដោយបណ្តាប្រទេសជាសមាជិក និងត្រូវការហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតជាមួយម្ចាស់ផ្ទះ»

    ជាមួយគ្នានេះ កម្ពុជាបានបើកកិច្ចប្រជុំជាច្រើនដងជាមួយអាស៊ាន ដោយដំបូងបានកំណត់ ៣៨ប្រភេទកីឡាស្មើនឹង ៦០៨វិញ្ញាសា។ ក្រោយមកដោយសារស្ថានភាពផ្លាស់ប្តូរ ប្រភេទកីឡាកាយវប្បកម្ម ត្រូវបានដកចេញពីស៊ីហ្គេម ឆ្នាំ២០២៣ ដោយសារពាក់ព័ន្ធនឹងសារធាតុហាមឃាត់ ក្នុងវិស័យកីឡា ដូពីង ។ ដូច្នេះកម្ពុជាបានសម្រេចត្រឹម ៣៧ប្រភេទកីឡា ហើយក្នុងនេះ មានតែ ៣៦ប្រភេទកីឡាប៉ុណ្ណោះ ដែលមានមេដាយផ្តល់ជូន ដោយសារ១ប្រភេទកីឡា គឺប្រភេទកីឡាបាល់ទាត់លើតុ ដែលជាការដាក់ឱ្យប្រកួតបង្ហាញជូនប្រជាជនបានស្គាល់។ បាល់ទាត់លើតុ មិនមែនជាប្រភេទកីឡាអូឡាំពិកទេ ប៉ុន្តែជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំង ហើយមានជាង ១០០ប្រទេសកំពុងនិយមលេងវា។

    ការអះអាងបែបនេះ ដោយឯកឧត្តមបានចង្អុលបង្ហាញពីយន្តការមួយ ដែលជាការដាក់ចេញនូវផែនការប្រកួត ហើយបើមិនកំណត់ប្រភេទកីឡាទេ នោះការកំណត់ទីលានប្រកួត សម្ភារ ឧបករណ៍ ការរៀបចំមន្ត្រីអាជ្ញាកណ្តាល ក៏មិនចេញនោះដែរ។ «ដូច្នេះបើកាលណាយើងកំណត់បាននូវប្រភេទកីឡាច្បាស់លាស់ហើយ គឺយើងអាចរៀបចំទីលាន ការរៀបចំកន្លែងហូបចុក ស្នាក់នៅ ការទទួលបដិសណ្ឋារកិច្ចជាដើម ឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។ នេះជាភាពជោគជ័យមួយ ដែលម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជាបានកំណត់ ហើយថែមទាំងទទួលបានការគាំទ្រពីសមាជិកអាស៊ីអាគ្នេយ៍ ទាំងអស់ផងដែរ»

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: