ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករងវិទ្យាល័យម្នាក់ នៅស្រុកកំពង់ត្រឡាច ពាក់ព័ន្ធចែកចាយរូបភាពមិនសមរម្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media February 24, 2023
    នាយករងវិទ្យាល័យម្នាក់ នៅស្រុកកំពង់ត្រឡាច ពាក់ព័ន្ធចែកចាយរូបភាពមិនសមរម្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តកំពង់ឆ្នាំង៖ នាយករងវិទ្យាល័យម្នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយរូបភាពអាសអាភាស និងហិង្សា។

    លោក ស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការចាប់ខ្លួននាយករងវិទ្យាល័យរូបនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងថា ឈ្មោះ ង៉ែត សុខខេង អាយុ៤០ឆ្នាំ បានរំលោភកូនស្រីរបស់ខ្លួនដែលទើបមានអាយុ១៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

    លោកបន្ដថា បន្ទាប់ពីស្រាវជ្រាវ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានកោះហៅជនសង្ស័យ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរបន្ត និងបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

    រហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នូ ដារ៉ា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ង៉េត សុខខេង ចំនួនពីរបទល្មើស រួមមាន បទផលិត ចែកចាយរូបភាព និងសម្ភារៈអាសអាភាស នៃកុមារ តាមមាត្រា៤១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបទហិង្សាដោយចេតនា តាមមាត្រា២១៧ ប្រព្រឹត្តនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ និងអំឡុងឆ្នាំ២០២២។

    ប៉ុន្ដែទោះជាយ៉ាងណា នាយករងវិទ្យាល័យរូបនេះ នៅចំពោះមុខសមត្ថកិច្ចមិនទាន់សារភាពកំហុសរបស់ខ្លួននោះទេ ដែលទំនងបញ្ជាក់ថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ៕

    ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: