សម្ដេចតេជោ ហ៊ុន សែន មានមោទកភាពចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បនាឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវមោទកភាព ចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជាង ៥ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អបអរសាទរចំពោះដល់ក្រុមកីឡាបាល់ទះក្រោម ១៩ឆ្នាំ របស់កម្ពុជាដែលបានប្រកួតឈ្នះ បារាំង និងកោតសរសើរក្រុមកីឡាបាល់ទះក្រោម១៩ឆ្នាំរបស់កម្ពុជា ដែលមានបច្ចេកទេសលេងបានល្អឈ្នះក្រុមកីឡាបាល់ទះរបស់បារាំង។ សម្តេចតេជោ បានថ្លែងថា «ក្រុមរបស់កម្ពុជាដែលលេងជាមួយក្រុមបារាំងនោះ គឺកម្ពុជាមិនអន់ទេ សូម្បីកម្ពស់ក៏ប្រហាក់ប្រហែលនឹងជនជាតិបារាំងដែលជាដៃគូប្រកួតនោះដែរ»។ សម្តេចតេជោ បានផ្តល់អនុសាសន៍ថា ការប្រកួតកីឡា ឬជាអ្នកកីឡាក៉ំចង់ធ្វើតួឯកលេងតែឯង ត្រូវចេះចែកបាល់ ឬតួនាទីរបស់ខ្លួនច្បាស់លាស់ក៉ំចង់ធ្វើតែខ្សែប្រយុទ្ធ។ គួរបញ្ជាក់ដែរថា ក្រុមកីឡាបាល់ទះដែលមានវ័យក្រោម១៩ឆ្នាំរបស់កម្ពុជាទទួលបានជ័យជម្នះ ក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលបានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្មីៗនេះ។ ក្នុងពីធីនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកយ៉ាងខ្លាំង ដោយសម្តេចតេជោបានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។
បើតាមឯក ឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គរុនិស្សិតបច្ចេកទេសនិងនិស្សិតដែលបញ្ចប់ការសិក្សា ពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លើកទី៥នេះ មានចំនួន ៥ ៤៥០ នាក់ ស្រី ៤២៧ នាក់ ។ ក្នុងនោះគរុនិស្សិតនិងនិស្សិតមានពិការភាព ចំនួន៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន២៩នាក់ក្នុងចំណោម ១៧០ នាក់។ ឯកឧត្ដមបន្តថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ ដែលមាន ឈ្មោះ ថា«មជ្ឈមណ្ឌលព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះត្រូវបានផ្អាកដំណើរការ ក្នុងរបបប្រល័យពូជសាស្ត្រប៉ុលពត និងត្រូវបានដំណើរឡើងវិញនៅឆ្នាំ១៩៨១និងត្រូវបានផ្លាស់ប្តូរឈ្មោះ ជាបន្តបន្ទាប់។ វិទ្យាស្ថាននេះបានផ្ទេរពីក្រសួងអប់រំយុវ ជន និងកីឡា មកក្រោមក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស»។ វិទ្យាស្ថាននេះមានភារកិច្ចស្នូលចំនួន២គឺបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស សម្រាប់ធ្វើជាគ្រូបច្ចេកទេសបម្រើការងារនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីរយៈពេលខ្លី រហូតដល់រយៈពេលវែងទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋនិងនិស្សិតបង់ថ្លៃសិក្សា។
វិទ្យាស្ថាននេះមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិក ខ្មែរ-បរទេស ជាប់កិច្ចសន្យាសរុបចំនួន ២៥៨ នាក់ ស្រី ៦៤នាក់។ ក្នុងនោះមានកម្រិតថ្នាក់ បណ្ឌិតចំនួន០៩នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១០៨នាក់ស្រី ១៨ នាក់កម្រិតថ្នាក់បរិញ្ញាបត្រ វិស្វករចំនួ ន៨៤នាក់ ស្រី២៨នាក់កម្រិតក្រោមបរិញ្ញាបត្រចំនួន៥៧នាក់ ស្រី១៨នាក់។ ចាប់តាំងពីឆ្នាំ ២០០១ ដល់បច្ចុប្បន្នវិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាមសិស្ស និស្សិតគរុនិស្សិតសរុបប្រមាណ១៨ ៤៩៦ នាក់ស្រី ២ ២១៨ នាក់ ។ ក្នុងនោះបញ្ចប់ការសិក្សាចំនួន ១៤ ២៧០ នាក់ ស្រី ១ ៧៥២ នាក់និងកំពុងសិក្សាសរុប ៤ ២២៦ នាក់ស្រី ៤៦៦ នាក់។ នៅវិទ្យាស្ថាននេះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេ ជោចំនួន១៧០នាក់ ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន៨០នាក់និងកំពុងបន្តការសិក្សា ៩០នាក់។ គរុនិស្សិតដែលបានបញ្ចប់ការសិក្សាក្រសួងបានចាត់តាំងឱ្យបម្រើការងារ នៅតាមគ្រឹះស្ថានសិក្សានានារបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមសិស្ស និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថានទទួលបានការងារធ្វើ ១០០ ភាគរយដែលក្នុងនោះមាន ៩២ភាគរយចេញធ្វើការ និង៨ភាគរយទៀតបន្តការសិក្សា ឬបង្កើតមុខរបរដោយខ្លួនឯង៕





ប្រភព៖ ក្រសួងព័ត៌មាន