អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា តំបន់ដែលមានករណីជំងឺផ្ដាសាយបក្សី នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រផ្លូវការលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន ដោយសូមជម្រាបជូនសាធារណជនថា៖

ស្ថានភាពជំងឺផ្តាសាយ បក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះកំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។ មានតែ ២ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់ (អាយុ ១១ឆ្នាំ ៦ខែ) បានទទួលមរណភាព ហើយឪពុករបស់នាង បានបញ្ជាក់ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
បន្ទាប់ពីព្យាបាលគាត់ វត្ថុសំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានទទួលព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។ សរុបវត្ថុសំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ សូមបន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនលោកអ្នក។
សូមអនុវត្តវិធានការការពារដោយលាងដៃជាមួយ សាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ… ជាដើម។ បើមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬ បើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥ ៕

