ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱសថព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ចំនួន ៣ពាន់ដូស ដែលជាជំនួយរបស់អង្គការWHO ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ

    BY Khmernote Media February 28, 2023
    ឱសថព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ចំនួន ៣ពាន់ដូស ដែលជាជំនួយរបស់អង្គការWHO ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ

    រាជធានីភ្នំពេញ៖ ឱសថព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៣នេះ។ ការផ្ដល់ជំនួយវេជ្ជសាស្ត្ររបស់ អង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញ ករណីផ្ដាសាយបក្សី H5N1 ដោយមានកុមារីម្នាក់បានស្លាប់ នៅក្នុងខេត្តព្រៃវែង។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនមកដល់នៃឱសថព្យាបាលជំងឺផ្ដាសាយបក្សីនេះ ត្រូវបានទទួលដោយក្រុមការងារនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ឱសថទាំងនេះ នឹងត្រូវបញ្ជូនបែងចែកសហគមន៍ដែលមានការសង្ស័យពាក់ព័ន្ធទៅនឹងជំងឺផ្ដាសាយបក្សី ដូចជាស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងជាដើម។

    ទោះជាយ៉ាងនេះក្តី ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងសុខាភិបាល ទៅលើករណីជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង លោកស្រីបានបញ្ជាក់ថា ស្ថានភាពជំងឺផ្ដាសាយបក្សីនេះ មិនមានសភាពគួរឲ្យព្រួយបារម្ភនោះទេ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី​ H5N1 មួយករណីនេះ កើតលេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។

    ក្រោយករណីនេះ ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា៕

    ប្រភព៖ freshnews

    Share This Post: