ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ១២០០នាក់ នឹងសម្ដែង ទស្សនីយភាពគុនល្បុក្កតោ ក្នុងពិធីបើក-បិទស៊ីហ្គេម ២០២៣

    BY Khmernote Media February 28, 2023
    កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ១២០០នាក់ នឹងសម្ដែង ទស្សនីយភាពគុនល្បុក្កតោ  ក្នុងពិធីបើក-បិទស៊ីហ្គេម ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោត្រូវបានអ្នកជំនាញអះអាងថា នឹងធ្វើឱ្យមានភាពអស្ចារ្យនៅ​ក្នុង​ពីធី​បើក-បិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិ​សាស្ត្រ​​ដំបូងរបស់កម្ពុជា។

    នេះបើតាមការបញ្ជាក់របស់លោក អ៊ួ​ តារា​ អគ្គលេខាធិការរងសហព័ន្ធ​កីឡា​គុន​ល្បុក្កតោកម្ពុជា​ ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោដើម្បីអបអរសាទរកម្មវិធីបើក-បិទក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌៀង​ សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការរងប្រចាំការបញ្ជាការ​ដ្ឋាន​អង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានប្រារព្ធធ្វើឡើង​កាល​ពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

    លោក អ៊ួ​ តារា​ គូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ គឺនៅសល់រយៈពេល៦៦ថ្ងៃប៉ុណ្ណោះ​ដោយក្រុមសម្តែងទស្សយីភាពគុនល្បុក្កតោ ទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់សហការជាមួយ​បញ្ជា​ការដ្ឋានអង្គរក្ស ដើម្បីរៀបចំសម្តែងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីបើក-បិទ ស៊ីហ្គេម។

    លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទម្រង់ទស្សនីយ៍ភាពមានពីរធំៗ គឺផែន​ទស្សនីយភាពរុងរឿងសម័យអង្គរ និងគុនល្បុក្កតោសម័យទំនើប​ ដែលបានធ្វើទំនើបកម្មគុន​ល្បុក្កតោ​ទៅ​ជាចង្វាក់ភ្លេងជាមួយនឹងបច្ចេកវិទ្យាភ្លើង LED ដែលនឹងឆ្លុះបញ្ចាំងពីទស្សនីយភាពថ្មីមួយ នៃភាពរុងរឿង​របស់​កម្ពុជា។ ដូច្នេះហើយ យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញ​នូវទស្សនីយភាព​ដ៏​អស្ចារ្យក្នុងពិធីបើកស៊ីហ្គេម។ រីឯក្នុងកម្មវិធីបិទស៊ីហ្គេមក៏នឹងមានកម្លាំង ៦០០នាក់ សម្តែងទស្សនីយ​ភាព​មួយ «មហាព្រលឹងគុនល្បុក្កតោ»។ សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោនឹង​មានកម្លាំង​ចំនួន ១ ២០០ នាក់ ដោយចំនួននេះ​មានចំនួនតិចជាងចំនួនមនុស្សដែលចូលរួមសម្តែង​ព្រឹត្តិការណ៍កីឡា​ជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២កន្លងទៅ ប៉ុន្តែគុណភាព និងទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនឹងព្យាយាមធ្វើឱ្យល្អ និងអស្ចារ្យតាមគោលដៅ​ដែលយើង​ចង់បាន»។

    ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានបង្ហាញភាពជឿជាក់ថា ក្នុងរយៈពេលនៅសល់៦៧​ថ្ងៃនេះ ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោនឹងធ្វើបានល្អជាពិសេសជាក់ជាមិនខាន ពីព្រោះថា កង​កម្លាំងបញ្ជាការដ្ឋានអង្គរក្សមានវិន័យល្អ ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងជាកងកម្លាំងពិសេសផង ដូច្នេះការហ្វឹក​ហាត់សមត្រៀមនេះនឹងអាចធ្វើបានល្អប្រសើរផងដែរ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន មានប្រសាសន៍ថាយើងពិតជាមានមោទក​ភាពដែល​បានចូលរួមសម្តែងក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣​ ដែលទើបតែបញ្ចប់កន្លងទៅនេះទទួលបាន​នូវការ​កោតសរសើរពីសម្តេច និងមហាជនជាច្រើន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មានជំនឿថា កងកម្លាំង​សម្តែង​​ ១ ២០០ នាក់ នឹងបន្តកិច្ចសហការឱ្យបានល្អជាមួយក្រុមគ្រូបង្វឹកមកពី​សហព័ន្ធកីឡាគុនល្បុក្កតោ​កម្ពុជា និងក្រុមជំនាញមកពីសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីហ្វឹកហាត់គ្រប់ទម្រង់ទស្សនីយភាពឱ្យ​បានល្អ ក្នុងពិធីបើកបិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: