សម្ដេចតេជោ ហ៊ុន សែន សុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស និងវិស័យធំៗ ២ទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ជំរុញទេសចរណ៍ដែលមកដល់សិង្ហបុរីហើយ បានមកដល់កម្ពុជាផង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្ដម LAU PEET MENG ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្ដម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយលើកនេះឯកឧត្ដមឃើញថាមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា។
ឯកឧត្ដមបានសម្ដែងនូវការអបអរសាទរ ជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងជួបប្រឈម និងបញ្ហាជំងឺកូវីដ១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។ ឯកឧត្ដម LAU បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ ឯកឧត្ដម ក៏បានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យបានកាន់តែខ្លាំងឡើង។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនឯកឧត្ដម LAU ចំពោះការវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដចតេជោមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ។ក្នុងន័យនេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យឯកឧត្ដម LAU សុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ជំរុញទេសចរណ៍ដែលមកដល់សិង្ហបុរីហើយ បានមកដល់កម្ពុជាផង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន