ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តក្រចេះ គ្រោងនឹងចូលរួមបត់បេះដូង១០ម៉ឺន ដើម្បីចូលរួមលើកទឹកចិត្តកីឡាករក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២

    BY Khmernote Media February 28, 2023
    ខេត្តក្រចេះ គ្រោងនឹងចូលរួមបត់បេះដូង១០ម៉ឺន ដើម្បីចូលរួមលើកទឹកចិត្តកីឡាករក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅសល់ ៦៦ ថ្ងៃទៀត កម្ពុជានឹងបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ។ សម្រាប់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ បានរួមគ្នាជាចលនាក្នុងការបត់រូបបេះដូង ដើម្បីសំដែងការសាទរ និងចូលរួមលើក ទឹកចិត្តចំពោះកីឡាករ អត្តពលិក ដែលបាននិងកំពុងត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នាពេលខាងមុខ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ ។

    លោក ភឹម ភីរ៉ា អនុប្រធាននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានគូសបញ្ជាក់ឱ្យដឹងថា ៖ ចលនាពេលនេះដែរ គឺជាការចូល រួមអបអរសាទរនៃព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជា និងដើម្បីបំផុសស្មារតីដល់យុវជនសាធារណជន ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ឱ្យចូលរួមគាំទ្រស្រឡាញ់និងគាំទ្រវិស័យកីឡានៅកម្ពុជា និងជាពិសេស ដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករតំណាងឱ្យជាតិកម្ពុជា ដែលបាននិងកំពុងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រនេះ ដែលជាមុខមាត់របស់ប្រទេសកម្ពុជា “បេះដូងតែ១លោតក្នុងចង្វាក់តែ១ ក្តីស្រឡាញ់ពីយើងគ្រប់គ្នា” បើទោះបីជាការប្រកួតទទួលបានជ័យជម្នះក្តី និងមិនទទួលបានជ័យជម្នះក្តី ក៏មិនមានបាក់ទឹកចិត្ត ឬអាក់អន់ចិត្តនោះឡើយ គឺកីឡានាំមកនូវសុខភាព និងការទំនាក់ទំនង ។

    លោកបន្តថា ៖ សម្រាប់ខេត្តក្រចេះ គ្រោងនឹងបត់បេះដូង ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ អត្តពលិក ក្នុងរង្វង់ ១០ ម៉ឺនបេះដូង ហើយក្នុងពេលនេះទទួលបាន ៥ម៉ឺនបេះដូងរួចហើយ ។ លោកក៏បានជំរុញស្នើសុំ លើកទឹក ចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន សូមឱ្យចូលរួមគាំទ្រ និងលេងកីឡាឱ្យបានគ្រប់គ្នា និងចូលរួមគាំទ្រនូវគោលនយោ បាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមដឹកនាំនាវាកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: