ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃនៃការធ្វើលិខិតឆ្លងដែន​ឡើងវិញ ក្រោយពលរដ្ឋត្អូញត្អែរថា តម្លៃថ្លៃពេក

    BY Khmernote Media March 2, 2023
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃនៃការធ្វើលិខិតឆ្លងដែន​ឡើងវិញ ក្រោយពលរដ្ឋត្អូញត្អែរថា តម្លៃថ្លៃពេក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក។

    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា៖ «មានអ្នកខ្លះស្រែកថា ប៉ាស្ព័រ ថ្លៃពេក រដ្ឋាភិបាលនឹងពិចារណា​ទៀត តម្លៃប៉ុណ្ណាដែលសមស្រប រដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោត​ដោយ​ពល​រដ្ឋ​ស្រឡាញ់គាំទ្រ»។ សម្ដេចក្រឡាហោមបានថ្លែងថា ក្រសួងមហាផ្ទៃ បានបញ្ជូន​បញ្ជី​​ឈ្មោះ​អ្នកហួសសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទៅតាមឃុំ-សង្កាត់ រួច​រាល់​​ហើយ។ ដូច្នេះ អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវអញ្ជើញប្រជាពលរដ្ឋដែលបាន​កាន់អត្ត​សញ្ញាណ​បណ្ណផុតសុពលភាព ឱ្យពួកគាត់មកធ្វើអត្តសញ្ញាណបណ្ណថ្មី។

    សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា៖ «អាជ្ញាធរដឹងថា អ្នកណាផុត​សុពលភាព​អត្តសញ្ញាណបណ្ណ ព្រោះយើងបានចុះបញ្ជីត្រឹមត្រូវ តាមប្រព័ន្ធកុំព្យូទ័ររបស់យើង។ ដូច្នេះ​ត្រូវ​អញ្ជើញគាត់មកធ្វើអត្តសញ្ញាណបណ្ណថ្មី»។ សម្ដេចក្រឡាហោមបានកត់សម្គាល់​ឃើញ​ថា ចំពោះប្រជាពលរដ្ឋដែលមិនអញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយសារជាប់ធ្វើ​ការ​នៅក្រៅស្រុករបស់ខ្លួនរស់នៅ មួយវិញទៀត ដាក់អត្តសញ្ញាណប័ណ្ណនៅកន្លែងបញ្ចាំ។ សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ច្បាប់ថ្មី មិនអនុញ្ញាតឱ្យពលរដ្ឋដាក់អត្តសញ្ញាណ​បណ្ណបញ្ចាំ ហើយអ្នកទទួលអត្តសញ្ញាណបណ្ណបញ្ចាំ គឺខុសច្បាប់ដូចគ្នាដែរ។

    ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋា​ភិ​បាល បានចំណាយទុនយ៉ាងច្រើន ដើម្បីផលិតអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរ។​បើយោងតាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ​ដែលប្រើសេវា​រយៈពេល ២០ថ្ងៃ ត្រូវបង់​ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ។ ដោយឡែក​សេវា​រយៈ​ពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: