សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់សិល្បករ សិល្បការិនីទាំងអស់ចូលរួមនិពន្ធ និងផលិតបទភ្លេង, វីដេអូ ចូលរួមអបអរព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យសិល្បករ សិល្បការិនីទាំងអស់ ចូលរួមនិពន្ធ និងផលិតបទចម្រៀង, បទភ្លេង, វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឲ្យកាន់តែកក្រើក និងអធិកអធម»។
សម្ដេចបានបន្ថែមទៀតថា ការចូលរួមនេះដើម្បីបន្សល់ទុកនូវអនុស្សាវរីយចងចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌។ បើគិតមកដល់ពេលនេះ នៅសល់ប្រមាណជា ៦៤ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការរាប់ថយក្រោយដើម្បីរួមគ្នា ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៦៤ឆ្នាំ ចុងក្រោយរបស់កម្ពុជា។
សម្ដេចបានសង្កត់ធ្ងន់ថា «យើងនៅសល់តែ ៦៤ថ្ងៃទៀត តែប៉ុណ្ណោះ ប្រទេសកម្ពុជានឹងមានកិត្តិយស ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ដែលយើងរង់ចាំជាងពាក់កណ្ដាលជីវិតរបស់យើង»។
គួររម្លឹកថា ពិធីជួបសំណេះសំណាលរបស់សម្ដេចខាងលើ បានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានការចូលរួមពីសំណាក់សិល្បករ និងសិល្បការិនី ប្រមាណជាជាង ៤,០០០នាក់៕



ប្រភព៖ ក្រសួងព័ត៌មាន