សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្តី-ប្រពន្ធ ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្តី-ប្រពន្ធ ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ។ នេះបើយោងតាមការប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានបណ្តាទូតនានាចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « មុនការអំពាវនាវរបស់ខ្ញុំ នៅពេលដែលបុរស និងស្ត្រី លែងលះគ្នា និងបែកបាក់គ្នា ដោយជាប្ដីប្រពន្ធក្ដី ឬជាសង្សារក្ដី ហែកហួរគ្នាទៅតាមហ្វេសប៊ុកមិនតិចទេ ប៉ុន្តែក្រោយមានការអំពាវនាវរបស់ខ្ញុំ ការហែកហួរគ្នាតាមហ្វេសប៊ុកនេះ ត្រូវបានកាត់បន្ថយ។ អ៊ីចឹង ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ចំពោះស្ត្រីក្ដី បុរសក្ដី បើទោះបីខ្លួនបែកបាក់គ្នា រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នា ដែលត្រូវទុកកិត្តិយសឱ្យកូនៗ។ តែបើយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយទៅយកមុខទុកឯណា វានឹងកើតជាការអាម៉ាស់មួយសម្រាប់កូន ឬបើសិនជាគ្មានកូនទេ ក៏កើតទៅជារឿងអាម៉ាស់មួយសម្រាប់ក្រុមគ្រួសាររបស់យើង និងខ្លួនយើង គ្មាននរណាមកទទួលនូវភាពអាម៉ាស់ក្រៅតែពីខ្លួនយើង វៃគ្នាទៅវិញទៅមក បង្ហោះតាមហ្វេសប៊ុកនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « ដូច្នេះសង្ឃឹមថា ទាំងបុរស និងស្ត្រី នឹងធ្វើកិច្ចការងារនេះ ឥឡូវនេះមានគ្រប់ទម្រង់ ហ្វេសប៊ុកក្ដី Tik Tok ទាស់គ្នាពេញនឹង បង្ហោះចេញតាមហ្វេសប៊ុក ជួនកាល Live ជេរ ប្រមាថគ្នា។ អ៊ីចឹងទេ តើយើងគួរដល់ដំណាក់កាលបញ្ចប់ទេ យើងមិនអាចបន្ទោសតែម្ខាង ជាខាងស្ត្រី ឬជាខាងបុរសនោះទេ ដូច្នេះយើងគួរតែទប់ស្កាត់ចំពោះរឿងនេះ អំពើហិង្សា ទោះបីហិង្សាបែបណា គឺត្រូវបញ្ឈប់ ៕


ប្រភព៖ ក្រសួងព័ត៌មាន