សម្តេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមសាងសង់កន្លែងស្នាក់នៅរបស់និស្សិតស្រីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា
រាជធានីភ្នំបេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់សប្បុរសជនចូលរួមក្នុងការកសាងកន្លែងស្នាក់(អន្ដេវាសិកដ្ឋាន) សម្រាប់និស្សិតស្រី នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តនានាជាតំបន់ដាច់ស្រយាល។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធដាក់ចេញគោលនយោបាយក្នុងការលើកកម្ពស់ដល់នារី ក្នុងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ សម្តេចតេជោគូសបញ្ជាក់ថា៖ «ចំណុចនេះ ខ្ញុំបានប្រគល់ភារកិច្ចឱ្យសួងអប់រំយុវជន និងកីឡា ក្នុងការកសាងកន្លែងសម្រាប់ស្នាក់នៅរបស់និស្សិតជាស្រី្ដ ដើម្បីជួយសម្រួលដល់ការរៀនសូត្រដែលមិនមែនផ្តោតនៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែក៏ផ្តោតធ្វើនៅតាមបណ្តាខេត្តនានាផងដែរ»។
ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមក្នុងការកសាង អន្ដេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី និងនៅតាមវិទ្យាល័យនានាដែលយើងបានពង្រាយនៅតាមទូទាំងប្រទេស តាមខេត្ត ភូមិ ស្រុក រួចហើយ។ ប៉ុន្តែយើងមាននិស្សិត សិស្សក្រីក្រ ហើយនៅពេលយើងកសាងសាលា យើងត្រូវកសាងនូវអន្ដេវាសិកដ្ឋានស្ត្រី នៅថ្នាក់មធ្យមសិក្សាផងដែរ»។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា បើសិនមិនមានសិស្សនៅថ្នាក់មធ្យមសិក្សានោះទេ ក៏គ្មាននិស្សិតនៅថ្នាក់ឧត្តមសិក្សាផងដែរ។ ដែលចំណុចនេះសម្តេចតេជោចង់កាត់ បន្ថយគម្លាត រវាងអ្នកនៅតាមទីប្រជុំជន ទីក្រុង និងជនបទដាច់ស្រយាលតាមរយៈជំរុញ ឱ្យសិស្សស្រីនៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ និងមានកន្លែងស្នាក់នៅ។ សម្តេចតេជោបានថ្លែងបន្ថែមថា៖ «ចំណុចនេះគឺជាគោលដៅអាទិភាពត្រូវធ្វើ ហើយចាំបាច់យើងត្រូវធ្វើនោះគឺពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីឱ្យខានតែបាន។ ចំណុចនេះ គឺជាចំណុច ដែលគេមើលឃើញថា បើស្ត្រីកាន់កាប់លុយ ហើយបុរសគ្មានសិទ្ធិតវ៉ាទេ ដូច្នេះចំណុចយើងត្រូវខិតខំពង្រឹងអំណាចរបស់ស្ត្រី ដែលជាផ្នែកមួយមានឥទ្ធិពលពាក់ព័ន្ធសម្រាប់គ្រួសារ»។
ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំបន្ថែមទៀតដែល ត្រូវបង្កើនការចូលរួមរបស់ស្ត្រី និងកុមារីក្នុងវិស័យ ឌីជីថល សេដ្ឋកិច្ច វិស្វកម្ម ការច្នៃប្រឌិត គណិតវិទ្យា ស៊ីតិច និងសិល្បៈជាដើម៕


ប្រភព៖ ក្រសួងព័ត៌មាន