ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រោងបំពាក់ប្រព័ន្ធ Wi-Fi ល្បឿនលឿនពេញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

កិច្ចប្រជុំនោះផងដែរ គឺផ្ដោតទៅលើការរៀបចំប្រព័ន្ធ Wi-Fi ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឯកឧត្តម ស៊្រុន គឹមសាន សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ជាតំណាង បានមកចូលរួមប្រជុំដើម្បីពិភាក្សាគ្នាអំពីរបៀបរបបនៃការរៀបចំនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ថាជម្រាបជូនថា៖ «ជាទូទៅ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ។ អ៊ីចឹង ការបំពាក់ Wi-Fi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់។ នេះហើយ គឺជាការយកចិត្តទុកដាក់ នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ម៉ឺននាក់ ក៏យើងត្រូវមានការបំពាក់ Wi-Fi ផងដែរ។ ដូច្នេះ ទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឱ្យកំណើននៃការផ្សាយចេញរូបភាពទាំងអស់នៅក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»។

លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Wi-Fi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (International Broadcast Center – IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មានផងដែរ។ ទីនេះ ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងក្ដីរំពឹងទៀតថា តាមរយៈការបំពាក់ប្រព័ន្ធ Wi-Fi ប្រើប្រាស់បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួម បានផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍ឱ្យបានកាន់តែទូលំទូលាយ។
«យើងបែងចែកចេញជា២៖ ទី១ ដែលប្រើប្រាស់សម្រាប់ការងារនៅក្នុងការស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC ដែលមានរៀបចំការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្នាក់ងារទូរទស្សន៍ក៏មានភាពងាយស្រួលក្នុងការបញ្ចូនព័ត៌មាន។ មួយទៀត គឺមហាជន អ្នកចូលរួមទស្សនា គាត់ក៏ជាអ្នកផ្សព្វផ្សាយផងដែរ។ អ៊ីចឹង គាត់ក៏ទទួលបាន Wi-Fi នេះ គាត់ក៏អាចជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះផងដែរ ដែលនេះហើយគេហៅ ‘កម្លាំងឥទ្ធិលរបស់កីឡា’»។ ប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន៕

ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កោតសរសើររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីររូប ដែលចេះសន្សំ ថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
ខេត្ដកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើចំពោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនពីររូបដែលចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះនោះឡើយ។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនពីររូប ដែលចេះសន្សំសំចៃនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានថ្លែងថា នៅល្ងាចថ្ងៃទី៣១ សម្ដេចតេជោតែងតែផ្ញើដល់សមាជិករាជរដ្ឋាភិបាល បានឱ្យដឹងថា ចំណូលខែនេះ កម្ពុជាទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង ១ពាន់លានដុល្លារផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា៖ «ខ្ញុំ ជាមនុស្សដែលមានមានភព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក ២៣០ លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានរម្លឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់នៅពេលឆ្លងកាត់។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេច ក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់ តែម្តង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «ខ្ញុំ ហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងការងារ នឹងបន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារជាង ៧០០កន្លែង ដល់យុវជននៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន ៤ រួចមក ស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថាម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។ លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយNEA នៅថ្ងៃស្អែកនេះ។ លោកស្រីថាដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក