ប្រធានមន្ទីរវប្បធម៌ខេត្ដសៀមរាប៖ អ្នកជួលសម្លៀកបំពាក់បុរាណខ្មែរឱ្យភ្ញៀវពាក់ថត នៅមុខអង្គរមួយចំនួនតូចបានសុំច្បាប់ និងក៏មានអ្នកបើកអាជីវកម្មថតរូបមួយចំនួនពុំបានសុំច្បាប់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានគូសបញ្ជាក់ថា អ្នកជួលសម្លៀកបំពាក់បុរាណខ្មែរឱ្យភ្ញៀវទេសចរពាក់ថតនៅមុខអង្គរ មួយចំនួនតូចបានសុំច្បាប់ និងទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ ហើយក៏មានអ្នកបើកអាជីវកម្មថតរូបមួយចំនួនពុំបានសុំច្បាប់ពីមន្ទីរនោះទេ។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកដែលបើកអាជីវកម្មជួលសម្លៀកបំពាក់បុរាណឱ្យភ្ញៀវទេសចរពាក់ថតនៅមុខអង្គរកន្លងមក គឺមានមួយចំនួនតូចបានសុំច្បាប់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ហើយមន្រ្តីជំនាញបានចុះទៅពិនិត្យសម្លៀកបំពាក់ទាំងនោះជារឿយៗផងដែរ។
លោកបានលើកឡើងថា មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏បានជួយមើលផងដែរបើត្រឹមត្រូវ គឺអាជ្ញាធរអនុញ្ញាតឱ្យថត តែបើមានអ្វីដែលមិនសមរម្យអាជ្ញាធរជាតិអប្សរាតែងតែផ្តល់ព័ត៌មានមកមន្ទីរវប្បធម៌ ដើម្បីចុះទៅត្រួតពិនិត្យ។ ទន្ទឹមនេះ ក៏មានការជួលសម្លៀកបំពាក់បុរាណខ្មែរ ដោយពុំបានសុំច្បាប់ និងពុំបានទទួលការត្រួតពិនិត្យពីមន្រ្តីជំនាញផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កន្លងមកនេះ ចំពោះអ្នកដែលស្លៀកពាក់ សម្លៀកបំពាក់បុរាណខ្មែរទ្រង់ទ្រាយធំ គឺត្រូវដាក់ពាក្យសុំការអនុញ្ញាតិពីអាជ្ញាធរជាតិអប្សរា បើអាជ្ញាធរជាតិអប្សរាពិនិត្យឃើញថា ត្រឹមត្រូវតាមបែបរចនាបថខ្មែរពីបុរាណ គឺអាជ្ញាធរនឹងអនុញ្ញាតឱ្យថត តែបើមិនត្រឹមត្រូវទេ គឺពុំត្រូវបានអនុញ្ញាតនោះទេ។ លោកបានបន្តថា សម្លៀកបំពាក់រចនាបថខ្មែរដែលភ្ញៀវទេសចរជួលពាក់ថតនៅអង្គរបច្ចុប្បន្ននេះ ភាគច្រើន ជាសម្លៀកបំពាក់នៅសម័យឧត្តុង្គ និងសម័យលង្វែក។ ចំពោះសម្លៀកបំពាក់ពីបុរាណពីជំនាន់មុននោះទៀតពុំសូវមាននោះទេ ព្រោះភាគច្រើនឃើញមានអ្នកច្នៃខុសពីរចនាបថខ្មែរពីសម័យមុន អាជ្ញាធរមិនអនុញ្ញាតឱ្យថតឡើយ។
លោកប្រធានមន្ទីរវប្បធម៌ខេត្ដសៀមរាបក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ មានអ្នកសិល្បៈមួយចំនួនតូចបានកាត់សម្លៀកបំពាក់បែបបុរាណដោយចម្លងចេញពី រូបចម្លាក់តាមប្រាសាទ ហើយអ្នកខ្លះកាត់ត្រូវតាមរចនាបថខ្មែរ អ្នកខ្លះក៏យកទៅច្នៃហួសខុសពីរចនាបថខ្មែរ ដូចនេះហើយបានជាមន្រ្តីជំនាញចាំបាច់ពិនិត្យជាមុនសិន មុនអនុញ្ញាតឱ្យថត នៅក្នុងអង្គរ។
លោកប្រធានមន្ទីរបានសំណូមពរឱ្យប្រជាជនខ្មែរទាំងអស់ចូលរួមថែរក្សាប្រពៃណីទំនៀមទំម្លាប់ខ្មែរ ជាពិសេសការស្លៀកពាក់ សម្លៀកបំពាក់បុរាណខ្មែរសូមធ្វើឱ្យបានត្រឹមត្រូវ កុំធ្វើអ្វីតាមតែចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា ព្រោះប្រជាពលរដ្ឋខ្មែរមានតួនារីថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ដូចនេះបើយើងស្លៀកពាក់ សម្លៀកបំពាក់ពីបុរាណខ្មែរសូមធ្វើឱ្យបានត្រឹមត្រូវតាមចរនាបថខ្មែរ៕






ប្រភព៖ ក្រសួងព័ត៌មាន