រដ្ឋបាលជលផល អំពាវនាវអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់ជាបន្ទាន់ និងប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្តដល់សមត្ថកិច្ច ជៀសវាងការទទួលទោស
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាល សូមអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី សូមបញ្ឈប់សកម្មភាពជាបន្ទាន់ និងប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្តដល់មន្រ្តីជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោស តាមច្បាប់ស្តីពីជលផល។

-នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង ចុះបង្ក្រាបទីតាំងកែច្នៃឧបករណ៍ឆក់ត្រី ក្នុងខេត្តសៀមរាប រកឃើញវត្ថុតាង អាំងវិចទ័រឆក់ត្រី៦គ្រឿង ដុំភ្លើងសម្រាប់កែច្នៃ១៥គ្រឿង។
-នៅថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២២ ដោយមានការសហការជាមួយនាយកដ្នានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អធិការដ្ឋានរដ្ឋបាលចតុមុខ សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល និងព្រះអាជ្ញាខេត្តកណ្តាល ចុះឃាត់ខ្លួនជនសង្ស័យកែច្នែគ្រាប់ផាវបំផ្ទុះត្រីក្នុងដែននេសាទ ស្ថិតនៅក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ បច្ចុប្បន្ន សាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។
-នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយមានការឯកភាពពីអគ្គស្នងការនគបាលជាតិ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នងការនគបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចុះឃាត់ខ្លួនអ្នកផលិត ផ្សព្វផ្សាយលក់តាមបណ្តាញសង្គម និងរក្សាទុកឧបករណ៍ឆក់ត្រី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បច្ចុប្បន្ន សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។
-នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការឯកភាពពីអគ្គស្នងការនគបាលជាតិ ខណ្ឌរដ្ឋបាលជលផលតាកែវ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យផលិតឧបករណ៍ឆក់ត្រី និងផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស ខេត្តតាកែវ រកឃើញឧបករណ៍ឆក់ត្រី៤គ្រឿង ចំពោះជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។
-នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះបង្ក្រាបបទល្មើសប្រើឧបករណ៍ឆក់ត្រីនៅស្រុកក្រគរ បង្ក្រាបបានឧបករណ៍ឆក់៦គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាជនសង្ស័យ និងស្វែងរកអ្នកផលិត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
-នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលប្រើឧបករណ៍ឆក់ត្រី នៅស្រុកពួក ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងឧបករណ៍ឆក់ត្រី៣គ្រឿង ម៉ូតូ២គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕












