សម្តេចតេជោ អបអរសាទរចំពោះ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីន សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជា ប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ »
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅ មុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក។ កម្ពុជា និងចិន បាន និងកំពុងទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងរក្សាបាន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ ការឯកភាពគ្នា ដែល សម្រេចបានក្នុងអំឡុងកិច្ចប្រជុំរបស់យើង បានបន្ថែមនូវកម្លាំងចលករថ្មីទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង។»
ក្នុងនាមជាមិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ “ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក ៕

