ស្នងការរាជធានីភ្នំពេញ បំភ្លឺ និងបដិសេធគណនីហ្វេសប៊ុកមួយ ដែលបើកបរល្មើសភ្លើងក្រហមហើយ មិនទទួលកំហុស បែរជាមកចោទប្រកាន់មកលើមន្ត្រីចរាចរណ៍ទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេសបុកមួយឈ្មោះថា Khun chann ដែលបានចុះផ្សាយព័ត៌មានមិនពិត បើកបរល្មើសភ្លើងក្រហមហើយ មិនទទួលកំហុស បែរជាមកចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់។

បន្ទាប់ពីបានឃើញគណនីហ្វេសបុកខាងលើចុះផ្សាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្រ្តីគោលដៅស្តុបប្រសាទពេជ្យ មកសួរនាំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ណុប សំអាត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣៤នាទី មានម៉ូតូមួយគ្រឿងម៉ាក click ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IK 5939 ធ្វើដំណើរពីជើងទៅត្បូង មកដល់ស្តុបពេទ្យចិនមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឃើញដូច្នោះសមត្ថកិច្ចបានឃាត់ឲ្យឈប់ ដើម្បីប្រាប់ពីកំហុស ធ្វើការអប់រំណែនាំ និងផាកពិន័យតាមច្បាប់ តែគាត់មិនព្រមទទួលកំហុស ទើបសមត្ថកិច្ចបង្ហាញវីឌីអូឲ្យគាត់មើល បន្ទាប់ពីមើលវីឌីអូរួច គាត់ក៏ព្រមទទួលកំហុសរបស់គាត់ ហើយគាត់ក៏បានសុំទោស និងសុំអង្វរសមត្ថកិច្ចសម្របសម្រួលថាគាត់មកពីខេត្តអត់មានលុយ ទើបសមត្ថកិច្ចយោគយល់មិនធ្វើការផាកពិន័យ ហើយអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខទៀត ដោយពុំមានការផាកពិន័យអ្វីឡើយ បែរជាគាត់ចោទប្រកាន់ថាឲ្យលុយចំនួន១ម៉ឺនរៀលឲ្យសមត្ថកិច្ចផឹកកាហ្វេ តែសមត្ថកិច្ចពុំបានទទួលទេ។
ដោយឡែកចំពោះមន្រ្តីជាប់កិច្ចសន្យា គាត់គ្រាន់តែបង្ហាញវីឌីអូឲ្យគាត់តែប៉ុណ្ណោះ ចំណែកការអប់រំណែនាំ គឺមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអប់រំទេ។ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ដើម្បីកោះហៅបុគ្គលដែលល្មើសច្បាប់ហើយ ផ្សព្វផ្សាយព័ត៌មានមិនពិត ឲ្យចូលខ្លួនមកបំភ្លឺលើករណីនេះ ៕


