យ៉ាងយូរ៩ខែទៀត! គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានឹងមកដល់
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងអាចដំណើរការ បាននៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខនេះ ខណៈដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ សម្រាប់ជាចំណី សម្រាប់បន្ស៊ាំ ក្នុងគម្រោងស្តារសត្វខ្លាធំឡើងវិញនេះ មុនលែងចូលតំបន់ស្នូលនៃតំបន់អភិរក្សសត្វខ្លា។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី១២ ខែមីនាម្សិលមិញនេះថា តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំ នៅកម្ពុជាឡើងវិញនេះ ត្រូវបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅ ប្រទេសឥណ្ឌាប៉ុណ្ណោះ។
គម្រោងស្តារសត្វខ្លាធំ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ ការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញ នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវៈចម្រុះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជឿជាក់ថា កិច្ចការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ជួរ ភ្នំក្រវាញ នឹងធានាបាននូវវត្តមានឡើងវិញនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងរេដបូក ជួរភ្នំក្រវាញ កំពុងទទួលបានការគាំទ្រពីក្រុមហ៊ុនអន្តរជាតិជាអតិថិជន ទិញឥណទានកាបូនពីព្រៃឈើ ជួរភ្នំក្រវាញ។ លោកជំទាវមានប្រសាសន៍ថា ការនាំសត្វខ្លាធំចូលមកកម្ពុជា គឺមិនមែនផ្តល់ផលប្រយោជន៍ ដល់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកយ៉ាងសំខាន់ទៅដល់ការការពារព្រៃឈើ និងសត្វព្រៃផងដែរ។
សូមបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ ២០០៧ ខណៈនៅទូទាំងពិភពលោកនៅឆ្នាំ២០១០ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសត្វខ្លាធំ ប្រហែល៣.២០០ក្បាល ដែលចំនួននេះមានការថយចុះ៩៥ភាគរយ បើធៀបទៅនឹងចំនួនរបស់វា ធ្លាប់មានក្នុងដើមទសវត្សរ៍ទី២០ ប្រហែល១០ម៉ឺនក្បាល៕


ប្រភព៖ ក្រសួងព័ត៌មាន