ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនីនោះទេ ខណៈប្រទេសជិតខាងបានឡើងថ្លៃអគ្គិសនី

    BY Khmernote Media March 14, 2023
    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនីនោះទេ ខណៈប្រទេសជិតខាងបានឡើងថ្លៃអគ្គិសនី

    ខេត្ត​ពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីនោះទេ ខណៈប្រទេសជិតខាងចាប់ផ្ដើម​ឡើង​​ថ្លៃ​អគ្គិសនី​​គ្រប់គ្នា។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីជួប​សំណេះ​សំណាលជាមួយប្រជាពល រដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួត​ពិនិត្យ​ការ​ដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនអគ្គិសនីរបស់ប្រទេសជិតខាង​មាន​តម្លៃ​ថោកជាងកម្ពុជា ហើយបច្ចុប្បន្ន អគ្គិសនីរបស់ប្រទេសជិតខាងឡើងថ្លៃគ្រប់គ្នា តែកម្ពុជាអត់ឡើងថ្លៃអគ្គិសនីនោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ពីមុនប្រទេស​ជិតខាងរបស់យើង អគ្គិសនី​ថោកជាងយើង ប៉ុន្តែឥឡូវប្រទេសជិតខាងរបស់យើង ចាប់​ផ្ដើមឡើងថ្លៃសលើសពីយើង​ហើយ តែយើងឱ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ»។ សម្តេច​តេជោនាយករដ្ឋមន្រ្ដីបានបន្ដថា សម្រាប់ក្នុងវិស័យកសិកម្ម ក្នុងការបូមទឹកគឺគិតតម្លៃតែ ៤៨០រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផងដែរ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកាក្នុង​មួយខែ ​ប្រមាណពី៤០លានដុល្លារ ទៅ ៥០ លានដុល្លារ ដើម្បីជួយដោះ ស្រាយដល់​ប្រជា​ពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះដោយសារកូវីដ១៩ និងស្រ្ដីក្រីក្រដែលមានផ្ទៃពោះ។​សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះសម្តេចក៏បាន​សម្រេច​បន្ថែមថវិកាលើកម្មវិធីកំពុងតែអនុវត្ដន៍ជាក់ស្ដែង ដោយឧបត្ថម្ភថវិកាដល់ស្រ្ដីក្រីក្រ ស្រ្ដី​មាន​ផ្ទៃពោះ ដែលកំពុងតែទទួលផលពីកម្មវិធី​គាំពារសង្គម ចាប់ពីមានផ្ទៃពោះ ពេល​សម្រាល​កូន និងរហូតដល់កូនមានអាយុ២ឆ្នាំបន្ថែមទៀត ។

    សម្ដេចតេជោបានបន្ថែមថា៖ «អីចឹង ផលប្រយោជន៍ដែលប្រជាពលរដ្ឋកំពុងបាន​ទទួលជាមួយបណ្ណក្រីក្រ ជាមួយអត្ថប្រយោជន៍ផ្សេងៗ អ្នកទទួលផលដែលប៉ះពាល់ដោយ​សារកូវីដ ដោយក្នុងមួយ​ខែ រាជរដ្ឋាភិបាលបញ្ចេញលុយក្នុងរង្វង់ពី ៤០លានដុល្លារ ទៅ ៥០លានដុល្លារ សម្រាប់ដោះស្រាយឱ្យប្រជាពលរដ្ឋរបស់យើង។ កម្មវិធីកំពុងតែអនុវត្ដន៍​ជាក់ស្ដែង​ទៅលើស្រ្ដីក្រីក្រ ដែលកំពុងទទួលផលពីកម្មវិធីគាំពារសង្គមសម្រាប់ស្រ្ដីក្រីក្រ កំពុងមានផ្ទៃពោះ ដោយកំពុងតែឱ្យគេពិនិត្យផ្ដល់លុយបន្ថែមដល់ស្រ្ដីចាប់ពីមានផ្ទៃពោះ ពេលកូនកើត រហូតដល់កូនមានអាយុពីរឆ្នាំ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: