ព្រះរាជសារសម្តេចម៉ែ៖ ព្រះរាជដំណាក់ថ្មីនៅខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានមានព្រះបន្ទូលថា ព្រះរាជដំណាក់ថ្មីនៅខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។

នៅក្នុងព្រះរាជសារសម្តេចម៉ែ បានមានព្រះបន្ទូលថា៖ « ជូនចំពោះជនរួមជាតិជាទីស្នេហា ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានផ្ញើរសារមកខ្ញុំផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គិភ័យឆេះឆាបនាយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី កន្លងទៅនេះ។»
ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់ ។ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណះ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម ។
រវាងខែមិថុនាដល់ខែវិច្ឆិកា១៩៥៣. ខ្ញុំមានមហាកិត្តិយសបានដង្ហែរព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះ បរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ ។
តាមសេចក្ដីទូលស្នើសុំរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។ សូមកូនចៅជាទីគោរពទាំងអស់ ទទួលនូវសេចក្តីនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅអំពី ព្រះករុណា ព្រះមហាក្សត្រ និងខ្ញុំ ៕
