រដ្ឋបាលខេត្តកំពត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន។

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីផ្តល់ភាពរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ រដ្ឋបាលខេត្ដនឹងរៀបចំ ធ្វើកម្មវិធីកំពតសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយរៀបចំឱ្យ មាន ការលេងល្បែងប្រជាប្រិយខ្មែរ តាមទំនៀមទម្លាប់ដូនតា។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងរៀបចំ ឱ្យមានស្តង់ សម្រាប់ធ្វើនំប្រពៃណីបុរាណ មានដូចជា នំអន្សមចេក អន្សមជ្រូក នំគមជាដើម ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកលេងកម្សាន្តបានហូប។ ឯកឧត្ដមបានបន្ថែមទៀតថា កំពតសង្ក្រាន្តឆ្នាំនេះ គឺនឹងត្រូវធ្វើឱ្យអធឹកអធមនិងសប្បាយរីករាយ បំផុត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តសប្បាយ និងភ្លក្សរសជាតិនំបុរាណខ្មែរ នៅក្នុង ខេត្តកំពត ខណៈដែលចុងខែនេះ រដ្ឋបាលខេត្ត និងប្រជុំត្រៀមរៀបចំលម្អិតអំពីការធ្វើសង្ក្រាន្តកំពត។
សំឡេង៖« យើងមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដោយស្តង់មួយៗមានវេចនំចេកនឹងវេចនំ ផ្សេងៗទៀត ហើយនៅក្នុងចុងខែ៣នេះ ខ្ញុំនឹងប្រជុំហើយឱ្យក្រុមការងាររៀបចំការងារនេះ ដើម្បីយើងមាន ការរៀបចំ បំផុសឡើង ដែលនៅមុខសាលាខេត្តនេះ អ្នកមានលុយក៏ទទួលទានបាន អ្នកអត់លុយក៏ទទួល ទានបាន។ ដូច្នេះយើងត្រូវរៀបចំធ្វើយ៉ាងម៉េចឱ្យខេត្តយើងល្អតែម្ដង ហើយខ្ញុំក៏ចង់បំផុសឱ្យទេសចរជាតិ អន្តរជាតិអញ្ជើញមកពិសានំខ្មែរនៅក្នុងខេត្តរបស់យើង។ គោលគំនិតរបស់ខ្ញុំ គឺមានតែមួយគត់ ខ្ញុំសុខចិត្ត ចំណាយ ប៉ុន្តែខ្ញុំចង់បានទេសចរទាំងអស់នោះចូលមកក្នុងខេត្តរបស់យើង ដើម្បីទេសចរទាំងអស់នោះ លោកចាយលុយក្នុងខេត្តរបស់យើង»។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំចាត់តាំងនូវល្បែងកម្សាន្ត ផ្សេងៗពិសេស ក្រុង ស្រុក នៅមូលដ្ឋាន ក៏ត្រូវបំផុសស្មារតី ផ្សព្វផ្សាយ ដល់មជ្ឈដ្ឋានមហាជនទូទៅ ឱ្យបានទូលំទូលាយ ក្នុងការចូលរួមរៀបចំតាំងពិព័រណ៍ អំពីសក្ដានុពល និងសមទ្ធិផលដែលរដ្ឋបាលក្រុង ស្រុកខ្លួនមាន ដើម្បីធានាបានថាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តទទួលបានភាពសប្បាយរីករាយ និងមានសន្តិសុខសុវត្ថិភាពល្អគ្រប់ទីកន្លែងក្នុងខេត្ត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ក្នុងខេត្តកំពតមានតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញចំនួន ៣៤កន្លែង ក្នុងនោះរមណីយដ្ឋានចំនួន ២១កន្លែង ៕



ប្រភព៖ ក្រសួងព័ត៌មាន