ដំណើរការរៀបចំសំណង់នានា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រេចបានប្រមាណ៣០ភាគរយហើយ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានបញ្ជាក់កាលពីរសៀលថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា ក្រុមការងារគ្រប់ផ្នែកទាំងអស់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាននិងកំពុងតែមមាញឹកក្នុងការរៀបចំការងាររបស់ខ្លួន នៅតាមទីតាំងនីមួយៗ ទាំងនៅក្នុងតំបន់អង្គរ និងនៅក្នុងក្រុងសៀមរាប។

ឯកឧត្តមបានបន្តថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដំណើរការរៀបចំទូទៅ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងសំណង់ និងការងារផ្សេងៗ សម្រេចបានប្រមាណជា៣០ទៅ៣៥ភាគរយហើយ ។ ក្នុងនោះសំណង់ នៃកម្មវិធីភូមិខ្ញុំដែលមានទីតាំងនៅខាងជើងប្រាសាទបាយ័ន គឺដំណើរការសាងសង់បានលឿនជាងគេ។ ចំណែកក្រុមការងារផ្សេងៗទៀតក៏កំពុងពន្លឿនការងាររបស់ខ្លួន ឱ្យសម្រេចបានតាមផែនការផងដែរ។ ចំពោះក្រុមសិល្បៈវិញ ក៏កំពុងតែមមាញឹកក្នុងការហ្វឹកហាត់សមទៅតាមផ្នែកៗ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរកម្មវិធីទាំងអស់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងមានការសប្បាយរីករាយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋ ភាពដ៏សប្បាយរីករាយ ក៏ដូចជាការរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។
ចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ តែងតែជារូបភាពដែលដក់ជាប់ នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្ដងៗ។ សម្រាប់កម្មវិធី នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ បានធ្វើឡើងនៅចំនួន០៦ទីតាំង ទាំងនៅក្នុងតំបន់អង្គរ និងនៅតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប ដែលមាន ៤៤កម្មវិធី ៕





ប្រភព៖ ក្រសួងព័ត៌មាន