សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជន សូមកុំឱ្យមានការស្លន់ស្លោចំពោះការដួលរលំនៃ ធនាគារនៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានដាក់ប្រាក់នៅធនាគារ សូមកុំស្លន់ស្លោពីព្រោះការស្លន់ស្លោធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដីបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការដួលរលំនៃធនាគារធំពីររបស់សហរដ្ឋអាមេរិក។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ សរុប ៤ ៥០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋសូមកុំស្លន់ស្លោចំពោះមុខនៃការដួលរលំធគារអាម៉េរិក ដោយរឿងនេះវាធ្លាប់បានកើតលើកទី១ វិបត្ដិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ពេលនោះពិតជាច្របូកច្របល់នៃធនាគារនៅតាមបណ្ដាប្រទេស រាប់ទាំងធនាគារនៅកម្ពុជា។
សម្ដេចតេជោលើកឡើងថា ប៉ុន្ដែធនាគារយើងកាលពីពេលនោះវានៅតូចៗណាស់ ពលរដ្ឋរបស់យើងមួយចំនួនទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា៣អាទិត្យ ហើយបន្ទាប់ពី៣អាទិត្យគឺបែរជាឃើញពលរដ្ឋរបស់យើងយកលុយទៅដាក់វិញធ្វើឱ្យធនាគាររបស់យើងមួយចំនួនរាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ា កាលពីពេលនោះរឹងមាំឡើងវិញ។
សម្ដេចតេជោអះអាងថា ប៉ុន្ដែត្រូវបានដួលរលំដោយធនាគាររបស់ លោក គង់ ទ្រីវ និងធនាគារកសិកររបស់ថៃ ដោយសារការបង្ខំការដកប្រាក់ធ្វើឱ្យអត់សាច់ប្រាក់។ ទន្ទឹមនេះ ដល់ឆ្នាំ២០០៨ វិបត្ដិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលដែលផ្ដើមចេញពីការដួលរលំនៃធនាគារអាម៉េរិកមួយដែរ វាអត់ធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះ យើងបានខិតខំទប់ស្កាត់ហានិភ័យដោយដំឡើងអត្រាកាតព្វកិច្ចពី ៧ភាគរយ ទៅ ១២ភាគរយ កាលពីពេលនោះ សម្រាប់បម្រុងទុកនូវស្ថានភាពអាក្រក់។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីចឹងទេ ខ្ញុំសូមអំពាវដល់ប្រជាពលរដ្ឋទាំងអស់របស់យើងដែលមានដាក់ប្រាក់នៅធនាគារ សូមកុំស្លន់ស្លោ ការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ទៅវិញទេ។ ឧទារហណ៍ប្រាក់របស់យើងទៅដាក់យកការប្រាក់រយៈពេល៩ខែ ឬរយៈពេល១ឆ្នាំ បើយើងដកយកមុន គឺយើងនឹងបាត់បង់ទាំងអស់នូវអត្រាការប្រាក់មិនទាន់ដល់កម្រិត។ ដកមុនកាលកំណត់គេអត់ឱ្យទេ។ អីចឹងទេ សូមកុំស្លន់ស្លោជាមួយនឹងហានិភ័យដែលអាចកើតមាន ហើយការភ័យស្លន់ស្លោណាមួយនឹងអាចវិលទៅរកហានិភ័យនៃភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។»
សម្ដេចតេជោបានឱ្យដឹងដែរថា នៅពេលនេះ សូម្បីតែនៅអាម៉េរិកអាចមានតិចជាងពេលមុន ដោយសារតែសហរដ្ឋអាមេរិកមានបទពិសោធន៍ហើយនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងរយៈពេលមានវិបត្ដិ។
សម្ដេចតេជោបានរម្លឹកផងដែរថា កាលពីឆ្នាំ២០០៨ ឆ្នាំ២០០៩ ផ្ដល់មេរៀនឱ្យអាម៉េរិកគ្រប់គ្រាន់ណាស់ហើយ ដែលអាម៉េរិកក៏មិនធ្វើឱ្យមានភាពច្របូកច្របល់លើទឹកដីអាម៉េរិកដោយសារការដួលរលំនៃធនាគារដល់ទៅពីរនោះដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋ សូមបងប្អូនកុំតក់ស្លុក និងកុំភិតភ័យចំពោះមុខសភាពការណ៍នៃវិបត្ដិច្រំដែល ដែលកើតឡើងដោយសារការដួលរលំនៃធនាគាររបស់អាម៉េរិក។
សម្ដេចតេជោក៏បានជំរុញឱ្យប្រជាពលរដ្ឋជឿទុកចិត្ដទៅលើសមត្ថភាពគ្រប់គ្រងលើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ហើយធនាគារមានទុកបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែអ្វីដែលជាការខាតបង់របស់យើងគឺប្រជាពលរដ្ឋរបស់យើងមានការភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ដែលនាំឱ្យមានការខាតបង់នូវចំណែកប្រាក់ដែលជាការប្រាក់ដែលបានដាក់នៅធនាគារ៕
![]()
ប្រភព៖ ក្រសួងព័ត៌មាន