ព័ត៌មានជាតិ
ឱកាសល្អ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣២នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៨ ខែមេសា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣២នាក់ ឱ្យបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងនិស្សិត ឱ្យជ្រាបថា ដើម្បីជួយគាំទ្រដល់ដំណើរការនិងធានានិរន្តរភាពការងារកសាងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣២នាក់ ឱ្យបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម៖
– បុគ្គលិករចនាផ្នែកខាងមុខនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ (UI/UX Designer) ចំនួន ៣នាក់។
– បុគ្គលិកអភិវឌ្ឍសុសវរទូរសព្ទដែលប្រើប្រាស់ Flutter ចំនួន ៣នាក់។
– បុគ្គលិកអភិវឌ្ឍផ្នែកខាងមុខប្រើប្រាស់ React និង Angula CLI ចំនួន ៣នាក់។
– បុគ្គលិកជំនាញធ្វើតេស្តធានាគុណភាពប្រព័ន្ធ (QA-Tester) ចំនួន ២នាក់។
– បុគ្គលិកអភិវឌ្ឍផ្នែកខាងក្រោយនិងអភិវឌ្ឍ API ចំនួន ៣នាក់។
– បុគ្គលិកវិស្វករ DevOp (DevOp Engineer) ចំនួន ២នាក់។
– បុគ្គលិកតេស្តសាកល្បងសុវត្ថិភាពនៃប្រព័ន្ធ (Penetration Tester) ចំនួន ២នាក់។
– បុគ្គលិកដាក់ឱ្យប្រើប្រាស់ និងគាំទ្របច្ចេកវិទ្យាព័ត៌មាន (System Delivery and Support) ចំនួន ២នាក់។
– បុគ្គលិកវិភាគទិន្នន័យ (Data Analyst) ចំនួន ២នាក់។
– បុគ្គលិកសម្របសម្រួលគម្រោងព័ត៌មានវិទ្យា (IT Project Coordinator) ចំនួន ២នាក់។
– បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ២នាក់។
– បុគ្គលិកគោលនយោបាយ ចំនួន ១នាក់។
– បុគ្គលិកនីតិកម្ម ចំនួន ១នាក់។
– បុគ្គលិកសម្របសម្រួលកម្មវិធី ចំនួន ១នាក់។
– បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្ល ចំនួន ២នាក់។
– បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន ១នាក់។
១. លក្ខខណ្ឌនៃការជ្រើសរើស
– បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
– មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
– មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
– មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
– មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
– មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
– មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
– ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
– ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។
២. ភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិ
– សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។
៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
– ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
– ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
– ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។
៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស
– បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់៖ https://bit.ly/3ZUK4ls ព្រមទាំងភ្ជាប់សំណុំឯកសារពាក់ព័ន្ធផ្សេងៗចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២3 វេលាម៉ោង ១៧:០០នាទី។
– បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩២ ៨៨៦ ២៤២ ឬអ៊ីមែល hr@dgc.gov.kh។
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ៕


ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department