ព័ត៌មានជាតិ
សូមប្រយ័ត្ន! ជនខិលខូចបង្កើតក្រុមហ៊ុនកម្ចីអនឡាញខុសច្បាប់ ប្រើប្រាស់ក្នុងការឆបោក ដាក់អន្ទាក់ទៅលើជនរងគ្រោះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពីឈ្មោះក្រុមហ៊ុន គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ដែលផ្តល់ប្រាក់កម្ចីអនឡាញងាយស្រួល និងឆាប់រហ័ស។

ទន្ទឹមនេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំស្តីពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។
ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារបច្ចេកទេស សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការបោកបញ្ឆោតប្រាក់ពីជនរងគ្រោះ ដោយសង្ខេបជូនដូចខាងក្រោម៖
១- ជនខិលខូចបានបង្កើត គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ជាមួយនឹងឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ។
២- ជនខិលខូចធ្វើការផ្សព្វផ្សាយ (Advertising) គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) លើកម្មវិធីបណ្តាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) សារអេឡិចត្រូនិក (Messenger) ដើម្បីធ្វើការអូសទាញជនរងគ្រោះទាក់ទងទទួលកម្ចី។
៣- ពេលជនរងគ្រោះស្នើសុំកម្ចីពីជនខិលខូច ទាមទារគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ ត្រូវបង់កម្រៃសេវារដ្ឋបាល ថតរូបអត្តសញ្ញាណប័ណ្ណ រូបថតជនរងគ្រោះ (ពេលខ្លះទាមទាររូបភាពអាក្រាតកាយ) ។ល។
៤- បន្ទាប់ពីបំពេញនូវលក្ខខណ្ឌ កម្ចីខ្លះត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ ជាមួយនិងការប្រាក់ដែលមានទំហំធំ បើប្រៀបធៀបនឹងចំនួនប្រាក់កម្ចី។ មានករណីមួយចំនួនផ្សេងទៀត ជនខិលខូចពុំបានផ្តល់កម្ចីដូចការសន្យា និងថែមទាំងឆបោកជនរងគ្រោះឱ្យសងប្រាក់ ដោយគម្រាមបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណ រូបថត ឬរូបអាក្រាតកាយរបស់ជនរងគ្រោះថែមទៀតផង។
នាពេលថ្មីៗនេះ ដោយសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសរួមគ្នាដើម្បីចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។
ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department