ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងអស់ទាំងស្រុង ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យឆេះឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដមួយកន្លែង បានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី (1028) ក្រុមទី២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ដោយប្រើប្រាស់ពេលអស់ជាង៥ម៉ោង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដនេះ មានម្ចាស់ឈ្មោះ គីម ហួត អាយុ៤២ឆ្នាំ។ ប្រភេទសំណង់ឃ្លាំងថ្មបេតុងប្រក់ស័ង្កសី ទំហំ១៦ម៉ែត្រ គុណ២០ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្ដទៀតថា ក្រៅពីឆេះឃ្លាំងអគ្គិភ័យនេះ ក៏បានឆេះរថយន្ត Camery បាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AE-5389 ចំនួន១គ្រឿង រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែមិនបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់១៥០ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង ប្រើប្រាស់ចំនួន១៦ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង ប្រើប្រាស់ចំនួន២០ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រើប្រាស់ចំនួន៩ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។
គួរជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អគ្គិភ័យកើតឡើងនៅរាជធានីភ្នំពេញ ស្ទើររាល់ថ្ងៃ ដោយសារតែឆ្លងចរន្ដអគ្គិសនី និងម្យ៉ាងដោយសារបច្ចុប្បន្ននេះជារដូវក្ដៅ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានអំពាវនាវ និងក្រើនរំលឹកយ៉ាងទទូច ដល់ប្រជាពលរដ្ឋម្ចាស់លំនៅឋាន ឬទីតាំងផ្សេងៗ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងត្រូវម្ចាស់ការនៅពេលមានហេតុការណ៍កើតឡើងភ្លាម ដោយត្រូវមានបំពង់ពន្លត់ក្នុងផ្ទះ ឬប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដែលអាចអន្ដរាគមន៍បានទាន់ពេលកុំឲ្យរីករាលដាល៕










ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department