ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ដាក់ឱ្យដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រចាំការនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទីត ដើម្បីបង្ការគ្រោះអគ្គិភ័យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និង ក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់ អគ្គិភ័យដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទីត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើង ជាយថាហេតុ។

លោក កុសល មករាពិសិទ្ធ នាយកទីចាក់ការទំនាក់ទំនងសាធារណៈ និងសហ ប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈគម្រោងការពារ អគ្គិភ័យនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទីត ក្រុងសៀមរាប សាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានផ្តល់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យចំនួន២គ្រឿង ដាក់ប្រចាំនៅតំបន់នេះ។
លោកបន្តថា តំបន់ផ្សារចាស់ និងផាប់ស្រ្ទីត គឺជាតំបន់ប្រមូលផ្តុំភ្ញៀវទេសចរនៅ ពេលយប់ដ៏សំខាន់របស់ខេត្តសៀមរាប ជាពិសេសនៅពេលមានកម្មវិធីបុណ្យជាតិធំៗ ដូចជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ ភ្ញៀវទេសចរនឹងសម្រុកមក កម្សាន្តនៅ ទីនេះច្រើន ដូចនេះការបង្ការអគ្គិភ័យជាកត្តាមួយដ៏សំខាន់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ ចូលរួមបង្ការអគ្គិភ័យនៅក្នុងតំបន់នេះ។ លោកថា ម៉ាស៊ីនបូមទឹកចល័តនេះ យើងដាក់នៅពីរ គោលដៅគឺ នៅផ្នែកខាងកើតផ្សារចាស់ និងផាប់ស្រ្ទីត ចំនួន០១គ្រឿង និងនៅខាងលិច ចំនួន០១គ្រឿង ដោយម៉ាស៊ីនមួយមានទីយោទឹកចំនួន៣០០ម៉ែត្រ និងបូមទឹកចេញពី ស្ទឹងសៀមរាបផ្ទាល់ ហើយអ្នកប្រើប្រាស់ម៉ាស៊ីននេះ គឺជាសន្តិសុខ និងអាជីវករនៅទីនេះ ផ្ទាល់តែម្តង ដោយពួកគាត់ត្រូវបែងចែកជាក្រុមៗ សម្រាប់ប្រតិបត្តិការករណីមាន អគ្គិភ័យកើតឡើងជាយថាហេតុ។
ពួកគាត់អាចប្រតិបត្តិការពន្លត់អគ្គិភ័យបានមុន ពេលរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការនគរបាលមកដល់។ ដូចនេះ ដើម្បីឱ្យសន្តិសុខ និងជាអាជីវករនៅតំបន់នេះចេះ ប្រើប្រាស់ម៉ាស៊ីន និងចេះបាញ់ទឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ជាក់ស្តែងដល់ពួកគាត់នៅថ្ងៃនេះ។
លោកស្នងការរងបានបញ្ជាក់ថា បើតាមការហាត់សមជាក់ស្តែងឃើញថា ករណីមាន អគ្គិភ័យកើតឡើងជាយថាហេតុក្នុងកម្រិតតូចនៅតំបន់នេះ ម៉ាស៊ីនបូមទឹកចល័តចំនួន ២គ្រឿងនេះ អាចមានសមត្ថភាពគ្រប់គ្រងស្ថានការបាន៕



ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department