ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ៖ «គ្រូពេទ្យត្រូវព្យាបាលប្រជាពលរដ្ឋប្រកបដោយគុណធម៌ ប្រសិទ្ធភាពខ្ពស់»
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូ ពេទ្យជាតិ បានលើកឡើងថា ការបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ពិតជាកត្តាដែលមិនអាចខ្វះបានដែលគ្រូពេទ្យត្រូវតែបំពេញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់ឯកឧត្តម ធា គ្រុយ នេះនៅក្នុងឱកាសនៃការធ្វើមហាសន្និបាត បូកសរុបសមិទ្ធផលរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ឆ្នាំង អាណត្តិ៦ឆ្នាំ លើកទី៣ និង លើកទិសដៅអាណត្តិ៦ឆ្នាំលើកទី៤ ។
ឯកឧត្តម ធា គ្រុយ បានបញ្ជាក់ទៀតថា «លោកពេទ្យ គឺជាគ្រួសារធំទូទាំងប្រទេស ប្រសិនបើមិនខិត ខំបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ វាអាចធ្វើឱ្យប៉ះ ពាល់ដល់សេចក្តីថ្លៃថ្នូរ ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិយើងទាំងមូលផងដែរ »។
ឯកឧត្តមបានឱ្យដឹងទៀតថា កន្លងទៅ មានគ្រូពេទ្យមួយចំនួនតូចនៅពុំទាន់បានបំពេញតាមលក្ខខណ្ឌ របស់គណ:គ្រូពេទ្យនៅឡើយនោះទេ ពិសេសការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញ ដែលចំណុចនេះ អាចធ្វើឱ្យប្រជាពលរដ្ឋ ខ្វះទំនុកចិត្ត និងងាកទៅព្យាបាលនៅបរទេស ។ ក្នុងខណៈ ដែលពួកគេមានជំងឺតិចតួចប៉ុណ្ណោះ ។ដូច្នេះ គ្រូពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅព្យាបាលសុខ ភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យយើងទាំងអស់គ្នាក៏ដូចជាកិត្តិយសប្រទេសជាតិរបស់យើងទាំងមូលផងដែរ។
លោកប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងទៅគណ:គ្រូពេទ្យនៅខេត្តកំពង់ឆ្នាំងបានខ្នះខ្នែងបរិច្ចាគកម្លាំងកាយចិត្ត ធនធាន ដើម្បីប្រមូលគ្រូពេទ្យមកចុះបញ្ជីការ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែសេសសល់មួយចំនួនតូច ដែលករណីនេះសូមឱ្យ គណ:គ្រូពេទ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការងារចុះបញ្ជីការ ជូនគ្រូពេទ្យ នៃគណ:គ្រូពេទ្យ ដើម្បីធានានិងពង្រឹងប្រសិទ្ធភាព និងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង ។
លោកប្រធានមន្ទីរសុខាភិបាលបានវាយតម្លៃលើ សីលធម៌ និង ជំនាញសមត្ថភាពគ្រូពេទ្យដែលមានមក ដល់ពេលនេះ គឺមានជំហានអភិវឌ្ឍន៍ល្អ ដោយសារការចូលរួមក្នុងការក្រេបជញ្ជក់យកបទ ពិសោធន៍លើចំណេះដឹង ។
គួរបញ្ចាក់ថា បើយោងតាមរបាយការណ៍បញ្ជាក់របស់លោក លឹម លីងួន ប្រធានគណ:គ្រូពេទ្យខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះគណ:គ្រូពេទ្យខេត្តដែលបានចុះបញ្ជីការត្រឹមត្រូវនោះមានចំនួន១៥១នាក់ ដែលបានអនុវត្តនិងបំពេញបានតាមលក្ខខណ្ឌស្របតាមក្រុមប្រឹក្សាគណ:គ្រូពេទ្យ ។ ជាទិសដៅខាងក្រុមប្រឹក្សាគណ:គ្រូពេទ្យនឹងធ្វើការផ្សព្វផ្សាយ ដល់ក្រុមគ្រូពេទ្យទាំងវិស័យសាធារណៈ និង ឯកជន មកចុះបញ្ជីការជាមួយក្រុមប្រឹក្សាគណ:គ្រូពេទ្យឱ្យកាន់តែប្រសើរឡើង៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department